រឿងរ៉ាវរបស់បុរសជនជាតិជប៉ុនម្នាក់ឈ្មោះ Otou Katayam កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងដោយរូបលោករួមរស់ជាមួយប្រពន្ធ និង កូនៗ រយៈពេល ២០ ឆ្នាំគ្មានដែលនិយាយរកគ្នាសូម្បីមួយម៉ាត់។ ប្រពន្ធរបស់លោក Yumi បានព្យាយាមនិយាយរកលោកជាច្រើនលើកច្រើនសាផងដែរ ប៉ុន្តែអ្វីដែលទទួលបានមកវិញនោះត្រឹមតែសំឡេងគ្រហែម និង ការងក់ក្បាលតបប៉ុណ្ណោះ។
យ៉ាងណាមិញ បើទោះជាស្វាមីមិននិយាយរកយូរប៉ុណ្ណាតែលោកស្រី Yumi មិនដែលខឹង និង សុំប្ដីលែងលះគ្នានោះឡើយ ជាពិសេសទៅទៀតនោះ ពួកគេថែមទាំងមានកូនទី ៣ ជាមួយគ្នាទាំងដែលមិននិយាយរកគ្នានោះទៀតផង។ អស់រយៈកាលច្រើនឆ្នាំទៅ ទីបំផុត លោក Otou ព្រមនិយាយ និង ទម្លាយគ្រប់យ៉ាងថារូបគាត់តូចចិត្តនឹងប្រពន្ធ ព្រោះតែប្រពន្ធយកចិត្តទុកដាក់ជាមួយតែកូនៗពេក មិនសូវខ្វាយខ្វល់ពីគាត់ ហើយអារម្មណ៍មួយនេះក៏ប្រែក្លាយទៅជាការច្រណែនរហូតង៉ក់ងលែងនិយាយរកគ្នាបែបនេះ។
២០ ឆ្នាំក្រោយមក កូនៗរបស់លោក Otou និង ភរិយា Yumi បានសម្រេចចិត្តសុំឱ្យគេជួយឱ្យឪពុកម្ដាយខ្លួននិយាយរកគ្នាវិញ។ ពួកគេបានទៅរកកម្មវិធីទូរទស្សន៍មួយឈ្មោះ TV Hokkaido ដោយកម្មវិធីនោះបានរៀបចំការណាត់ជួបមួយឱ្យលោក Otou និង លោកស្រី Yumi ជួបគ្នានៅសួនមួយកន្លែង។ ពេលនោះហើយគឺជាពេលវេលាមួយដែលកូនៗ រួមទាំងទស្សនិកជនរបស់ទូរទស្សន៍បានស្ដាប់ឮលោក Otou និយាយទៅកាន់ភរិយាជាលើកដំបូង។ លោក Otou បានសុំទោសចំពោះប្រពន្ធនូវការឈឺចាប់ដែលទទួលបានពីការស្ងៀមស្ងាត់របស់លោកកន្លងមក ហើយក៏អរគុណប្រពន្ធផងដែរ ដែលនៅតែព្រមស្ម័គ្ររួមរស់ជាមួយលោករយៈពេល ២០ ឆ្នាំមកនេះ ទោះបីជាលោកមិននិយាយរកនាងក្ដី៕
ប្រភព៖ Unknown Facts