រឿងដ៏រន្ធត់បំផុតមួយបានកើតឡើងក្នុងប្រទេសឥណ្ឌា ដោយមានបុរសជានិស្សិតផ្នែកវិស្វករ អាយុ ២៥ ឆ្នាំម្នាក់ បានមានចិត្តសាហាវឃោរឃៅហ៊ានលើកដៃសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួននៅក្រុង Nagpur រដ្ឋ Maharashtra ក្រោយពួកគាត់ប្រាប់ឱ្យរូបគេប្ដូរសាលារៀន។
ហេតុការណ៍ខាងលើនេះដែរកើតមានឡើងតាំងពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅមកម៉្លេះ ប៉ុន្តែទើបតែបែកធ្លាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ក្រោយសាកសពរបស់ជនរងគ្រោះទាំងពីរដោយឪពុកឈ្មោះ Liladhar Dakhole អាយុ ៥៥ ឆ្នាំ និង ស្ត្រីជាម្ដាយឈ្មោះ Aruna Dakhole អាយុ ៥០ ឆ្នាំ ត្រូវបានប្រទះឃើញក្នុងផ្ទះមួយនៅក្នុងក្រុង។
តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា កូនប្រុសរបស់ជនរងគ្រោះឈ្មោះ Utkarsh Dakhole បានប្រឡងធ្លាក់ផ្នែកវិស្វករជាច្រើនដង ហើយទទួលសម្ពាធពីឪពុកម្ដាយរឿងឱ្យផ្លាស់ប្ដូរសាលារៀនចេញទៀតទើបបង្កទៅជារឿងរ៉ាវឃាតកម្មដោយរូបគេបានរឹត-កម្ដាយឱ្យស្លាប់ និង ក្រោយមកក៏ទៅចាក់សម្លាប់ឪពុកបន្ត។
តាមការបញ្ជាក់ពីមេប៉ូលិសក្នុងតំបន់ ខាងប៉ូលិសទទួលបានការរាយការណ៍ថាមានអ្នកធុំក្លិនស្អុយចេញពីផ្ទះកើតហេតុ ដោយក្រោយមកក៏ប្រទះឃើញសពជនរងគ្រោះតែម្ដង។ លោកបាននិយាយថា៖ <<Utkarsh គឺបរាជ័យប្រឡងមិនជាប់លើមុខវិជ្ជាមួយចំនួននៃផ្នែកវិស្វកម្មរបស់គេ។ បន្ថែមពីនេះ ឪពុកម្ដាយគេចង់ឱ្យឈប់រៀនវិស្វករហ្នឹងទៅ ហើយប្ដូរសាលាទៅរៀនមុខជំនាញថ្មី តែរូបគេមិនព្រមនោះឡើយ>>។
ក្រោយលើកដៃសំឡេះឪពុកម្ដាយរួច Utkarsh បានបញ្ជូនប្អូនស្រីខ្លួនដែលមិនបានដឹងពីទង្វើដ៏ឃោរឃៅរបស់បងប្រុសឱ្យទៅស្នាក់នៅផ្ទះរបស់សាច់ញាតិពួកគេដោយនិយាយប្រាប់ប្អូនថា ឪម៉ែទៅធ្វើសមាធិប៉ុន្មានថ្ងៃដែលសូម្បីទូរស័ព្ទក៏កាន់មិនបានដែរ។
បច្ចុប្បន្ន Utkarsh Dakhole ត្រូវបានប៉ូលិសឃាត់ខ្លួន និង បន្តស៊ើបអង្កេតលើករណីនេះ មុនឈានដល់ការកាត់ទោសទៅតាមផ្លូវច្បាប់៕