កំលោះសង្ហា អ៊ុង ប៉េងអាន ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ តាមរយៈការបង្កើតវីដេអូចែករំលែកអំពី ចំណេះដឹង សុខភាព និង កម្លាំងចិត្ត ដែលទំព័រហ្វេសប៊ុករបស់លោកគឺ Think with PingAnn ឬគិតជាមួយ ប៉េងអាន។
ផ្តោតលើសុខភាពផ្លូវចិត្ត បើគិតមកទល់ពេលនេះ លោកបានធ្វើវីដេអូចែករំលែកប្រមាណ ៦ ឆ្នាំមកហើយ។ ពេលចែករំលែក លោកបានសម្គាល់ឃើញថា សុខភាពផ្លូវចិត្តពិតជាមានសារសំខាន់ វាជាប្រធានបទដ៏ពេញនិយម និង ពិតជាមានតម្រូវការ។ លោកគិតថា វាអាចជួយបានយ៉ាងច្រើន និង ជាកន្លែងសុវត្ថិភាពសម្រាប់អ្នកដែលកំពុងពុះពារជាមួយវា។
លោកលើកឡើងដែរថា ជាធម្មតាការស្ត្រេស និង សម្ពាធ វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ បើយើងប្រៀបធៀបពីមនុស្សជំនាន់មុន ពួកគេក៏ស្ត្រេសដូចគ្នា ដោយសារពួកគេមិនអាចចែករំលែកបញ្ហាដោយសេរី ពោលបានត្រឹមតែទុកនៅក្នុងខ្លួនប៉ុណ្ណោះ។
យ៉ាងណាមិញ មកដល់ជំនាន់ថ្មី លោកបានឃើញក្មេងៗ និង មនុស្សវ័យជំទង់ បើកការចែករំលែកបញ្ហាពួកគេទៅកាន់មនុស្សដែលពួកគេទុកចិត្ត ហើយវាពិតជាល្អដែលពួកគេលាតត្រដាងចេញមក។ លោកថាពេលដែលបរិយាកាសសង្គមមានការផ្លាស់ប្តូរ មនុស្សចែករំលែកអារម្មណ៍ច្រើនជាងមុន។
តាមបទពិសោធផ្ទាល់ខ្លួន លោកបានចែករំលែកអំពីរបៀបគ្រប់គ្រងស្ត្រេសយ៉ាងដូច្នេះថា៖ «អ្វីដែលសំខាន់គឺត្រូវរៀនទទួលយកខ្លួនឯង និង ដឹងថាអារម្មណ៍ខ្លួនឯងបែបណា ហើយសុំជំនួយនៅពេលត្រូវការ។ ទទួលយកអារម្មណ៍ខ្លួនឯង មានន័យថា យើងដឹងថាយើងមានបញ្ហា និង អាចសុំជំនួញពីនរណាម្នាក់ដែលយើងទុកចិត្តដើម្បីចែករំលែក។ នេះគឺជាការចាប់ផ្តើមដំណើរព្យាបាលដ៏អស្ចារ្យបំផុត សម្រាប់សុខភាពផ្លូវចិត្តរបស់យើង»៕
ប្រភព៖ Prestige