សារព័ត៌មានបរទេស បានរាយការណ៍ពីករណីរបស់គូប្តីប្រពន្ធជនជាតិអូទ្រីសមួយគូ ដែលលែងគ្នាហើយរៀបការវិញចុះឡើងៗ ១៣ ដង ដើម្បីបានលុយពីរដ្ឋ តែចុងក្រោយអស់ក្បាច់ ត្រូវជាប់ក្ដីឆបោក។
តាមព័ត៌មានបានឱ្យដឹងថាប្តីប្រពន្ធមួយគូនេះ តែងតែលែងលះ និងរៀបការជាមួយគ្នាវិញរៀងរាល់ ៣ ឆ្នាំម្តង សរុបមកពួកគេលែងលះគ្នាបាន ១៣ ដង ក្នុងរយៈពេលដែលរួមរស់ជាមួយគ្នាបាន ៤៣ ឆ្នាំ ហើយពេលលែងលះម្តងៗស្រ្តីជាប្រពន្ធបានទទួលប្រាក់ពីរដ្ឋប្រមាណ ២៧ ០០០ យូរ៉ូ ឬ ប្រមាណ ២៨ ០០០ ដុល្លារ ប៉ុន្តែមកដល់ឆ្នាំ ២០២៣ ខាងរដ្ឋក៏បដិសេធមិនផ្តល់ប្រាក់ឱ្យស្រ្តីជាប្រពន្ធម្តងទៀត ហើយក៏បានធ្វើការស៊ើបអង្កេតទៅលើពួកគេ។
យ៉ាងណាមិញ តាមការស៊ើបអង្កេតពីអ្នកជិតខាងរបស់ប្តីប្រពន្ធមួយគូនេះ គេបានទម្លាយថាប្តីប្រពន្ធទាំងគូគឺនៅរស់នៅជាមួយគ្នាធម្មតា ហើយអ្នកជិតខាងមិនទាំងដឹងផងថាពួកគេបានលែងលះគ្នា មើលទៅពួកគេស្រឡាញ់គ្នាណស់ មិនដែលថាពួកគេចែកផ្លូវគ្នាឡើយ។ ដោយឡែក ខាងតុលាការបានកាត់ទោសប្តីប្រពន្ធមួយគូនេះពីបទឆបោក ដោយបានកេងប្រវញ្ចប្រាក់ពីរដ្ឋទៅប្រមាណ ៣២៦ ០០០ យូរ៉ូ ដែលស្មើនឹងជាង ៣៤ ម៉ឺនដុល្លារអាមេរិក៕
ប្រភព៖ Khaosod