ថ្មីៗនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងក្នុងប្រទេសចិន បានបង្ហាញឱ្យដឹងថា មានជំងឺឆ្លងប្រភេទថ្មីកំពុងផ្ទុះរាលដាលនៅក្នុងប្រទេស ដែលជាជំងឺមានរោគសញ្ញាស្រដៀងទៅនឹងជំងឺកូវីដ ១៩ ដែរ។
តាមព័ត៌មានបានឱ្យដឹងថា ជំងឺនេះមានឈ្មោះថា HMPV ឬ Human Metapneumovirus វាមានអាការៈដូចគ្នាទៅនឹងជំងឺកូវីដ ១៩ ដែលធ្លាប់បានផ្ទុះឆ្លងយ៉ាងខ្លាំងក្លានាពេលកន្លងមក។ យោងតាមសារព័ត៌មាន Sin Chew បានឱ្យដឹងថា ជំងឺនេះ បានចាប់ផ្តើមរីករាលដាលចាប់តាំងពីដើមរដូវរងា ដោយកុមារអាយុក្រោម ១៤ ឆ្នាំ មានហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះខ្លាំងជាងគេ។
បើតាមសំណាកផ្លូវដង្ហើម ដែលប្រមូលបានដោយមន្ទីរពេទ្យនៅទូទាំងប្រទេស មានរបាយការណ៍បានឱ្យដឹងថា អត្រាឆ្លងមានការកើនឡើង ជាពិសេសនៅក្នុងខេត្តភាគខាងជើងនាប្រទេសចិន។
យ៉ាងណាមិញ មេរោគនេះត្រូវបានគេរកឃើញតាំងពីឆ្នាំ ២០០១ មកម្ល៉េះ ប៉ុន្តែនៅមិនទាន់មានថ្នាំព្យាបាល ឬវ៉ាក់សាំងការពារច្បាស់លាស់នៅឡើយទេ ដោយគ្រូពេទ្យអាចព្យាបាលអ្នកជំងឺបានតាមរយៈអាការៈរបស់ពួកគេប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា HMP ស្ថិតនៅក្នុងក្រុមមេរោគ paramyxovirus ដែលអ្នកជំនាញវេជ្ជសាស្ត្របានចង្អុលបង្ហាញថា មនុស្សដែលឆ្លងមេរោគនេះ អាចនឹងមិនមានរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែវាមានគ្រោះថ្នាក់ខ្ពស់ដល់ប្រព័ន្ធផ្លូវដង្ហើម៕
ប្រភព៖ World Of Buzz