កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនប្រទេស រួមមានប្រទេសកម្ពុជាផងនោះ បានចែករំលែកនូវរូបភាពមួយសន្លឹករបស់នារីម្នាក់មានពិការភាព ដែលបានចូលរួមរត់ម៉ារ៉ាតុននៅក្នុងកម្មវិធី Vientiane International Marathon 2024 ដែលរៀបចំឡើងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
រូបភាពមួយសន្លឹក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំជួលចិត្តផង និង រំភើបផង បានផ្ទុះការចែករំលែកជាច្រើនពាន់នាក់ពីផេកសារព័ត៌មាន Aloun Media របស់ប្រទេសឡាវនោះ គឺបានបង្ហាញពីសកម្មភាពនារីម្នាក់មានពិការភាពទាំងដៃ និង ជើង ប៉ុន្តែបានចូលរួមក្នុងការរត់ម៉ារ៉ាតុនពោរពេញដោយក្ដីសង្ឃឹម និង ស្វាហាប់បំផុត។
ក្នុងនោះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានសរសើរពីឆន្ទៈរបស់នារីរូបនោះ ព្រមទាំងបានយកការប្រឹងប្រែងរបស់នាងជាកម្លាំងចិត្តថែមទៀតផង។ គួរជម្រាបថា ក្នុងការរត់ក្នុងកម្មវិធី Vientiane International Marathon 2024 នោះដែរ នៅមានជនមានពិការភាពជាច្រើនទៀត ដែលបានចូលរួមរត់៕
រូបភាព៖ Vientiane International Marathon & Aloun Media