មានករណីដ៏ហួសចិត្តមួយកើតឡើងនៅប្រទេសថៃ ដោយមានបុរសម្នាក់ បើកឡានដឹកមនុស្សស្រីពីរនាក់ចូលទឹកសមុទ្រ បំណងឱ្យស្លាប់ទាំងអស់គ្នា ដោយសារតែរឿងស្នេហាត្រីកោណសម្របសម្រួលគ្នាមិនបាន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីយប់ម៉ោង ១ អាធ្រាត្រកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះ លើឆ្នេរ Laem Charoen នាស្រុក Mueang ខេត្ត Rayong ។ ក្នុងនោះ គេបានប្រទះឃើញឡានមួយគ្រឿង កំពុងជាប់ផុងនៅលើឆ្នេរខ្សាច់ ហើយមានមនុស្សប្រុសម្នាក់ និង ស្រ្តី ២ នាក់បានដេកនៅលើឆ្នេរសមុទ្រដោយមានរាងកាយទទឹក ហើយក៏ត្រូវអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមអ្នកឃើញហេតុការណ៍បានឱ្យដឹងថា គេបានឃើញឡានមួយគ្រឿងនេះបើកយ៉ាងលឿនសំដៅចូលទៅក្នុងសមុទ្រ តែទៅមិនរួច ព្រោះតែកង់ជាប់ផុងនឹងខ្សាច់។ ក្រោយមកក៏ឃើញមនុស្សប្រុសរូបនោះ រត់ចូលទៅក្នុងសមុទ្រ ហើយបន្ទាប់មកស្រ្តីទាំង ២ នាក់ក៏បានចុះមកឈ្លោះគ្នា រួចរត់ទៅចុះទឹកជាមួយបុរសរូបនោះ មួយសន្ទុះក្រោយមកក៏នាំគ្នាហែលមកលើច្រាំងវិញ៕
ប្រភព៖ AMARINTV