ថ្មីៗនេះ បាតុភូតដ៏ចម្លែកមួយបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង ក្រោយមានមនុស្សនាំគ្នាភ្លូកទឹកភ្លូកដីទៅឆ្នេរសមុទ្រ Uppada នាស្រុក East Godsvari រដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ដើម្បីនាំគ្នាជីកកកាយរកមាស។
តាមការឱ្យដឹង មានមនុស្សឃើញកម្ទេចមាសភ្លឺផ្លេកត្រូវបានរលកសមុទ្របោកបក់មកទើរនៅលើឆ្នេរ បណ្ដាលឱ្យទីតាំងនោះក្លាយជាតំបន់កប់កំណប់ទ្រព្យមហាសាល។ លើសពីនេះទៅទៀត ពលរដ្ឋក្នុងតំបន់មិនមែនរកបានត្រឹមតែកម្ទេចមាសតូចៗនោះទេ ប៉ុន្តែពួកគេក៏រកឃើញមានគ្រឿងអលង្ការផ្សេងៗ និង ដុំមាសធំៗផងដែរ។
គួរឱ្យដឹងថា ពលរដ្ឋក្នុងតំបន់ក្នុងប្រទេសឥណ្ឌាមានទំនៀមទម្លាប់មួយក្នុងការកប់ដុំមាសតូចៗពេលដែលពួកគេសាងសង់ផ្ទះ ឬវិហារសាសនា។ ដុំមាសតូចៗទាំងនោះជាញឹកញាប់តែងអណ្ដែតតាមសមុទ្ររាល់ពេលដែលសំណង់ផ្ទះ ឬវិហារដែលបាក់បែកពុកផុយ ហើយទ្រព្យទាំងនោះក៏បានមកទើរលើឆ្នេរសមុទ្រ។
យ៉ាងណាមិញ ពលរដ្ឋមួយចំនួនទៀតជឿជាក់ថាមាសជាច្រើនរកឃើញលើឆ្នេរសមុទ្រនេះគឺមកពីវិហារបុរាណដែលបានលិចក្នុងសមុទ្រអស់កាលពីយូរលង់មកហើយនោះ។ រាប់សតវត្សរ៍កន្លងមកនេះ វិហារ និង ផ្ទះបុរាណៗក្នុងតំបន់នោះត្រូវបានរលកសមុទ្របោកនាំយកទៅដោយនាំជាមួយទាំងកំណប់ទ្រព្យទៅតាមផងដែរ។ ហេតុនេះហើយទើបបច្ចុប្បន្ននេះ រាល់ពេលដែលមា រលកធំៗបោកមកលើឆ្នេរ ជាពិសេសក្រោយមានព្យុះភ្លៀងហើយនោះ មាស និង គ្រឿងអលង្ការមានតម្លៃនានាក៏បាននាំមកឡើងលើគោកវិញដែរ៕