បុរសជាទាហានវ័យ ២៤ ឆ្នាំម្នាក់នៅប្រទេសឥណ្ឌូនេស៊ី បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងក្រោយកើតស្ត្រេសពិបាកចិត្តគិតអ្វីលែងចេញដោយសារគ្រួសារគូស្នេហ៍ទាមទារថ្លៃបណ្ណាការលើសពីសមត្ថភាពខ្លួនពេក។
តាមព័ត៌មានបានឱ្យដឹងថា បុរសវ័យក្មេងខាងលើមានឈ្មោះ Andi Tambaru ដោយកាលនៅមានជីវិតរូបលោកបានទម្លាយពីបញ្ហាជីវិតស្នេហារបស់ខ្លួនជាមួយមិត្តភក្តិរបស់លោកជានិច្ច។ លោកបានទម្លាយថា លោកត្រូវបានគ្រួសារខាងស្រីឱ្យគិតគូររឿងរៀបការ ហើយខាងអនាគតសាច់ថ្លៃទាមទារថ្លៃបណ្ណាការចំនួន ២៥០ លានរ៉ូពី (ប្រមាណជាង ១៥០០០ ដុល្លារ)។
ព័ត៌មានបានទម្លាយថា៖ «លោកពិតជាពិបាកចិត្តខ្លាំងមែនទែន ព្រោះតែលោកមានប្រាក់ត្រឹម ៤០ លានរ៉ូពី (ជាង ២៤០០ ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែខាងសាច់ថ្លៃបង្គាប់រហូតដល់ទៅ ២៥០ លានរ៉ូពី»។ ដោយស្ត្រេសខ្លាំងពេកគិតអ្វីលែងចេញ លោកក៏បានដើរទៅដល់ទីតាំងមួយដែលមានដើមអំពិលធំមួយដើម ហើយក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅទីនោះតែម្ដងដើម្បីគេចផុតពីទុក្ខកង្វល់ទាំងឡាយ។
សាកសពរបស់បុរសវ័យក្មេងរូបនេះត្រូវបានបុគ្គលិកព្រលានយន្តហោះប្រទះឃើញអំឡុងពេលដើរល្បាត ហើយដំណឹងមរណភាពរបស់លោកក៏ត្រូវបានប្រកាសដោយសង្សារលោកផងដែរលើបណ្ដាញសង្គម Instagram ដោយរូបនាងបានបង្ហាញការក្រៀមក្រំ និង បញ្ជាក់ថាលោកជាបុរសល្អបំផុតដែលនាងធ្លាប់បានជួបប្រទះ៕
ប្រភព៖ World Of Buzz