មានករណីរបស់គ្រូពេទ្យម្នាក់ឈ្មោះ Kritthai បានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃមានការរំជួលចិត្តមិនបាត់ឡើយ ដោយលោកបានបាត់បង់ជីវិតទាំងវ័យក្មេងដោយសារជំងឺមហារីកសួត ព្រោះតែខ្យល់ពុលក្នុងប្រទេស ទាំងដែលលោកជាមនុស្សស្រឡាញ់សុខភាពណាស់។
តាមព័ត៌មានបានឱ្យដឹងថា លោក Kritthai ជាវេជ្ជបណ្ឌិតផង និង ជាសាស្រ្តាចារ្យផង នៅក្នុងសកលវិទ្យាល័យឈៀងម៉ៃ នាប្រទេសថៃ។ ដោយសារតែលោកជាអ្នកជំនាញខាងសុខភាព ដូច្នេះហើយលោកក៏ជាមនុស្សស្រឡាញ់សុខភាពដូចគ្នា ដោយលោកមិនដែលជក់បារី ផឹកស្រា ហើយលោកតែងតែហាត់ប្រាណ និង ចូលគេងទៀងទាត់ជានិច្ច។
យ៉ាងណាមិញ បើទោះជាខំថែសុខភាពយ៉ាងណាក្តី នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ស្រាប់តែលោករកឃើញថា លោកមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយទៅហើយ ដែលមូលហេតុចម្បងគឺអាចបណ្តាលមកពីខ្យល់ពុល PM2.5 ដែលបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងខេត្តឈៀងម៉ៃ។
ដោយឡែក ក្រោយពីខំព្យាបាលអស់ពីសមត្ថភាពយ៉ាងណាក្តី តែ Kritthai ក៏មិនអាចព្យាបាលជំងឺនេះឱ្យជាសះស្បើយបានឡើយ ដោយបានលោកបាត់បង់ជីវិតកាលពីឆ្នាំ ២០២៣ កន្លងទៅ នៅក្នុងវ័យត្រឹម ២៩ ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាមិញ មុននឹងលាចាកលោក Kritthai ក៏បានសរសេរសៀវភៅនិយាយពីជីវិតរបស់ខ្លួន និង បានព្យាយាមលើកទឹកចិត្តអ្នកដទៃនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនជាច្រើនចងចាំលោកមិនភ្លេចឡើយ បើទោះជាពេលនេះលោកមិនមានជីវិតរស់នៅតទៀតក៏ដោយ៕