កាលពីល្ងាចថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅប្រទេសបារាំង ដោយខ្សែរថភ្លើងល្បឿនលឿន Paris-Lyon កំពុងតែបរលើផ្លូវសុខៗស្រាប់តែអ្នកបើកលោតចុះលើផ្លូវសម្លាប់ខ្លួន ខណៈដែលរថភ្លើងកំពុងតែដឹកមនុស្សរហូតដល់ ៤០០ នាក់នោះ។
យ៉ាងណាមិញ ជាសំណាងល្អខ្លាំងដោយអ្នកដំណើរទាំង ៤០០ នាក់លើរថភ្លើងមិនមាននរណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះឡើយ ហើយចំពោះអាថ៌កំបាំងជួយសង្គ្រោះជីវិតអ្នកដំណើរលើរថភ្លើងនោះគឺដោយសារតែប្រព័ន្ធសុវត្ថិភាពដ៏ទំនើបហៅថា Vacma ដែលគេបង្កើតឡើងក្នុងការធានាសុវត្ថិភាពពេលជួបស្ថានការណ៍អាសន្នបែបនេះ។
ប្រព័ន្ធសុវត្ថិភាព Vacma គឺតម្រូវឱ្យអ្នកបើកបររថភ្លើងដំណើរការឈ្នាន់ ឬហ្វ្រាំងរាល់ ៣០ វិនាទីម្ដង ហើយបើសិនមិនមានធ្វើសកម្មភាពនោះក្នុងរយៈពេល ៥ វិនាទីនោះទេ នោះកណ្ដឹងប្រកាសអាសន្ននឹងបន្លឺឡើង។ កណ្ដឹងបន្លឺហើយបើនៅតែមិនមានការឆ្លើយតបពីអ្នកបើកបរក្រោយ ៣ វិនាទីទៀត នោះប្រព័ន្ធមួយនេះនឹងធ្វើការចាប់ហ្វ្រាំងអាសន្នដោយស្វ័យប្រវត្តិ នេះបើតាមការបញ្ជាក់ពីខាងក្រុមហ៊ុនផ្លូវដែករបស់បារាំង SNCF។
ហេតុការណ៍ខាងលើនេះដែរ បានបង្កជាភាពចលាចលតាមស្ថានីយរថភ្លើងក្នុងប្រទេសបារាំង និង បានប៉ះពាល់ដល់អ្នកដំណើរប្រមាណ ៣ ពាន់នាក់ត្រូវពន្យារពេលក្នុងការធ្វើដំណើររហូតដល់ ៥ ម៉ោង៕
ប្រភព៖ Kenh14