ហេតុការណ៍ដ៏រន្ធត់មួយបានកើតមានឡើងនៅរដ្ឋ Chhattisgarh ប្រទេសឥណ្ឌា ដោយមានបុរសម្នាក់ឈ្មោះ Anand Yadav អាយុ ៣៥ ឆ្នាំ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់នៅក្នុងផ្ទះក្រោយរអ៊ូថាខ្លួនវិលមុខ។ តាមឱ្យដឹង មុនស្លាប់ Yadav បានទៅងូតទឹកហើយភ្លាមៗក៏ដួលសន្លប់ ក្រុមគ្រួសាររបស់លោកឃើញក៏មានម្នីម្នាបញ្ជូនលោកទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសលលោកបានបាត់បង់ជីវិតទៅហើយ។
ការស្លាប់ភ្លាមៗរបស់ Yadav បានធ្វើឱ្យក្រុមគ្រួសារមានការតក់ស្លុតជាខ្លាំង ព្រោះបើតាមពួកគេបញ្ជាក់បានឱ្យដឹងថា Yadav គឺមានសុខភាពល្អណាស់ មិនមានជំងឺប្រចាំកាយឬធ្លាប់ជួបបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីពីមុនមកឡើយ ដែលជាហេតុធ្វើឱ្យពួកគេមិនអស់ចិត្ត និង សង្ស័យលើករណីស្លាប់មួយនេះ។ ក្រុមគ្រួសារក៏សម្រេចចិត្តស្នើទៅខាងមន្ទីរពេទ្យឱ្យធ្វើកោសល្យវិច័យដើម្បីស្វែងរកមូលហេតុនៃការស្លាប់ពិតប្រាកដ។
រឿងហេតុដ៏ភ្ញាក់ផ្អើលក៏កើតមានឡើង ក្រោយគ្រូពេទ្យធ្វើកោសល្យវិច័យទៅរកឃើញកូនមាន់រស់ក្នុងបំពង់កអ្នកស្លាប់។ ជាក់ស្ដែង តាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មាន India Today បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញកូនមាន់រស់មួយក្បាលប្រវែងជិត ២០ សង់ទីម៉ែត្រជាប់ទើរនៅបំពង់ខ្យល់របស់ជនរងគ្រោះ ហើយមូលហេតុនេះហើយទើបបណ្ដាលឱ្យរូបគេស្លាប់។
ការរកឃើញដ៏ចម្លែកនេះបានបង្កជាការភ្ញាក់ផ្អើលជាខ្លាំងរហូតដល់មានការដាក់ស៊ើបអង្កេត។ ក្រោយសាកសួរអ្នកភូមិអស់ជាច្រើននាក់មកក៏បានរកឃើញថា មុន Yadav ស្លាប់ រូបលោកបានចូលរួមធ្វើពិធីមួយទៅតាមគ្រូអាគមក្នុងតំបន់។ សាច់ញាតិរបស់ជនរងគ្រោះក៏បានបញ្ជាក់ដែរថា លោក Yadav គឺតែងតែភ៏យខ្លាចខ្លួនឯងមិនអាចមានកូនបាន ដោយលោកតែងតែរកវិធីសាស្ត្រគ្រប់បែបយ៉ាងទាំងអស់ដើម្បីអាចមានកូនតាមបំណង។
ជាមួយគ្នានោះដែរ តាមការស៊ើបអង្កេតបឋមគឺមានសាក្សីបានឃើញលោក Yadav លេបកូនមាន់ទៅតាមការប្រាប់របស់គ្រូអាគមដើម្បីជាការធ្វើពិធីសុំឱ្យមានកូន។ គួរឱ្យដឹងថា បច្ចុប្បន្នប៉ូលិសបានរកឃើញទីតាំងនៃគ្រូអាគមនោះហើយ និង បានឃាត់ខ្លួនរួចរាល់ហើយផងដែរ៕