ថ្មីៗនេះ មានករណីការស្លាប់មួយបានធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមថៃមានការរំជួលចិត្ត ដោយមានបុរសម្នាក់ខំហោះពីអាមេរិកមកជួបសង្សារ ក្រោយពីខានជួបគ្នាជិត ៦ ឆ្នាំ តែមកប្រហែលមួយសប្តាហ៍ក៏ត្រូវឆក់ចរន្តអគ្គិសនីស្លាប់បាត់។
តាមព័ត៌មានបានឱ្យដឹងថា គូស្នេហ៍មួយគូនេះជាជនជាតិមីយ៉ាន់ម៉ា ពួកគេខានជួបគ្នាមកប្រហែលជិត ៦ ឆ្នាំទៅហើយ ដោយខាងប្រុសបានទៅរស់នៅឯសហរដ្ឋអាមេរិក។ លុះមិនយូរប៉ុន្មាននេះ ទាំងគូក៏បានមកជួបគ្នាដើរលេងនៅឯភូកេត ប្រទេសថៃ។ នៅក្នុងថ្ងៃកើតហេតុ ពួកគេទាំងពីរបាននាំគ្នាទៅញ៉ាំអាហារជុំគ្នាជាមួយនឹងមិត្តភក្តិម្នាក់ទៀត តែចៃដន្យខាងប្រុសចុះពីលើឡានមក រអិលដួលទៅលើដីកំពុងសើម ហើយដៃក៏ជ្រុលទៅប៉ះបង្គោលភ្លើង បណ្តាលឱ្យចរន្តអគ្គិសនីឆក់ទាល់តែបាត់ស្មារតី។
ក្នុងនោះ មានមនុស្សម្នាបានចូលមកជួយធ្វើការសង្រ្គោះបឋម និង ហៅឡានសង្រ្គោះមកដឹកទៅជួយជីវិតនៅមន្ទីរពេទ្យដែរ តែជាអកុសលបុរសរូបនេះក៏មិនរួចជីវិត គឺត្រូវស្លាប់ក្រោយពីជួបសង្សារបានត្រឹមតែមួយសប្តាហ៍។ ដោយឡែក ខាងអាជ្ញាធរប្រចាំតំបន់ក៏បានចុះទៅត្រួតពិនិត្យលើបង្គោលភ្លើងកើតហេតុខាងលើ ព្រមទាំងបានបង្កើនការប្រុងប្រយ័ត្នថែមទៀតផងដែរ៕
ប្រភព៖ AMARINTV