នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលខណ្ឌដង្កោ និងខណ្ឌមានជ័យ តំណាងឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្តរំដោះគ្រោះចង្រៃនៅលើបណ្ដោយផ្លូវ ៦០ ម៉ែត្រនៅមុខផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) បន្ទាប់ពីមួយរយៈនេះ មានកើតឡើងគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្សញឹកញាប់។
ក្នុងពិធីសូត្រមន្តរំដោះគ្រោះនេះ មានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៅខណ្ឌទាំង ២ មន្រ្តីរាជការខណ្ឌ ព្រមទាំងប្រជាពលរដ្ឋជាង ២០០ នាក់។ ក្រៅពីរៀបចំគ្រឿងដើម្បីសូត្រមន្តបណ្ដេញគ្រោះចង្រៃហើយ ក៏មានធ្វើដំណើរជាក្បួនដោយព្រះសង្ឃចំនួន ១៤ អង្គ ប្រោយព្រំទឹកមន្តគាថាតាមដងផ្លូវ ដើម្បីទទួលបានក្ដីសុខសប្បាយដល់អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវនេះផងដែរ៕