មានករណីមួយនៅខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម ដោយមានបុរសម្នាក់បានបីកូនក្មេងទៅលូនក្រោមពោះដំរី ព្រោះជឿថានាំក្តីសុខសប្បាយ តែប៊ិះនឹងដំរីជាន់ស្លាប់ទាំងពីរនាក់។
តាមព័ត៌មានបានឱ្យដឹងថា ហ្មដំរីប្រចាំតំបន់បាននាំដំរីទៅចូលក្នុងស្រុក ដើម្បីឱ្យអ្នកស្រុកនាំគ្នាលូនក្រោមពោះសុំសេចក្តីសុខ រួចជំងឺដង្កាត់ទាំងឡាយក្នុងឱកាសឆ្នាំថ្មី ទៅតាមជំនឿដែលធ្លាប់ជឿតាំងពីយូរលង់មកនោះ។ ក្នុងនោះ មានហ្មដំរីក៏បានបីកូនក្មេងម្នាក់ទៅលូនក្រោមពោះដំរីនោះ តែចៃដន្យអីមួករបស់ក្មេងក៏បានធ្លាក់ទៅក្រោមជើងដំរី ធ្វើឱ្យដំរីមានការភ្ញាក់ផ្អើល ហើយក៏ទាត់ហ្មដំរី និង ក្មេងចេញពីក្រោមពោះរបស់ខ្លួនយ៉ាងប្រញាប់។
យ៉ាងណាមិញ ហេតុការណ៍មួយនេះ បានធ្វើឱ្យអ្នកស្រុកមានការតក់ស្លុតមិនតិចឡើយ តែជាសំណាងល្អទាំងហ្មដំរី និង ក្មេងមិនមានគ្រោះថ្នាក់អ្វីឡើយ។ ដោយឡែក ហ្មដំរីបានឱ្យដឹងថា អាចមកពីអាកាសធាតុក្តៅពេក ទើបធ្វើឱ្យដំរីមានការមួម៉ៅ ហើយករណីនេះក៏ចាត់ទុកថាជាឧទាហរណ៍ដើម្បីឱ្យមហាជនមានការប្រុងប្រយ័ត្ននៅថ្ងៃក្រោយផងដែរ៕
ប្រភព៖ AMARINTV