មានករណីសិស្សស្រីវ័យត្រឹម ១៧ ឆ្នាំនៅប្រទេសម៉ាឡេស៊ី បានបាត់បង់ជីវិតមួយថ្ងៃមុនប្រឡងមួយថ្ងៃ ដោយសារតែដាច់សរសៃឈាមក្នុងខួរក្បាល ក្រោយពីនាងខំប្រឹងរៀនខ្លាំងពេក ដេកបានត្រឹមតែ ៤ ម៉ោងក្នុងមួយថ្ងៃ។
តាមព័ត៌មានបានឱ្យដឹងថា ក្មេងស្រីរូបនេះ បានរអ៊ូប្រាប់ឪពុកម្តាយថានាងចេះតែឈឺក្បាល តែឪពុកម្តាយមិនសូវចាប់អារម្មណ៍ដោយគិតថាកូនគ្រាន់តែស្រ្តេសរឿងត្រៀមប្រឡងប៉ុណ្ណោះ តែក្រោយមកនាងក៏ចាប់ផ្តើមឈឺក្បាលកាន់តែខ្លាំង ថែមទាំងប្រកាច់រហូតដល់សន្លប់។ ឪពុកម្តាយបានបញ្ជូននាងទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលនាងក៏បានបាត់បង់ជីវិតនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយសារតែការដាច់សរសៃឈាមក្នុងខួរក្បាល។
យ៉ាងណាមិញ ខាងឪពុកបានបានឱ្យដឹងថា កូនស្រីរបស់លោកជាក្មេងរៀនពូកែណាស់ ហើយមុននឹងស្លាប់នេះ នាងសម្រាកបានត្រឹមតែមួយថ្ងៃ ៤ ម៉ោងប៉ុណ្ណោះ ព្រោះតែខំប្រឹងរៀនដើម្បីត្រៀមប្រឡងយកអាហាររូបករណ៍ចូលរៀនមហាវិទ្យាល័យ ដោយនាងសង្ឃឹមថានឹងអាចជួយសម្រាលបន្ទុកឪពុកម្តាយបានខ្លះ។
ដោយឡែក ក្រៅពីឪពុកម្តាយហើយ គ្រូបង្រៀន ក៏ដូចជាមិត្តភក្តិជាច្រើនមានការសោកស្តាយខ្លាំងក្នុងការបាត់បង់ក្មេងស្រីរូបនេះ ព្រោះតែនាងជាក្មេងល្អ និង រៀនពូកែណាស់៕
ប្រភព៖ Khaosod