បុរសអាយុ ៣៥ ឆ្នាំម្នាក់នៅក្នុងប្រទេសថៃ ត្រូវបានកូនប្រុសចុងទាញកាំបិតចាក់ជុងជាប់ឆ្កឹងលើក្បាល ក្រោយឈ្លោះទាស់ទែងតឹងសរសៃកដាក់គ្នា ព្រោះតែរឿងចៀនពង។
ហេតុការណ៍ខាងលើនេះដែរ បានកើតមានឡើងនៅបន្ទប់ជួលមួយកន្លែងនៅ Soi Paniadchand 8 ភាគកណ្ដាលក្រុង Pattaya ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។ ក្នុងថ្ងៃដដែលនោះ ប៉ូលិសក្រុង Pattaya បានចុះទៅដល់ទីតាំងកើតហេតុដោយបានឃើញជនរងគ្រោះជាឪពុកចុង រត់ចុះពីកាំជណ្ដើរខ្លួនពោរពេញទៅដោយឈាមរួមជាមួយនឹងកាំបិតមុតស្រួចជាប់ឆ្កឹងនៅលើក្បាលស្រែកឱ្យគេជួយ។ ជាមួយគ្នានោះដែរ កូនប្រុសចុងរបស់ជនរងគ្រោះក៏មានរបួសត្រង់ក្បាលដូចគ្នា។
តាមសម្ដីរបស់បុរសជាកូនចុងបានសារភាពថា រូបគេពិតជាបានចាក់ឪពុកចុងខ្លួនមែន ប៉ុន្តែក៏បញ្ជាក់ដែរថាជនរងគ្រោះជាអ្នកប្រើហិង្សាលើរូបគេមុន។ ក្នុងថ្ងៃកើតហេតុ ពួកគេបានឈ្លោះគ្នារឿងរបៀបចៀនពងទា ប៉ុន្តែជម្លោះប្រែជាឡើងកម្ដៅទៅៗរហូតឈានដល់ហិង្សារបួសរៀងៗខ្លួនបែបនេះ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមសង្គ្រោះជួយសង្គ្រោះបឋម មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ ចំណែកឯកូនប្រុសចុងត្រូវប៉ូលិសឃាត់ខ្លួនទុកនៅប៉ុស្តិ៍ដើម្បីសួរនាំបន្ថែម៕