នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងពីករណីស្រ្តីម្នាក់ដែលជាជនរងគ្រោះមានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវបានឃ្មុំចង្អេរទិច បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
តាមប្រភពបានឱ្យដឹងថា ករណីដ៏ចម្លែកមួយនេះ បានកើតឡើងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២៥ នាទីល្ងាច ដែលស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។
តបតាមការឆ្លើយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ ត្រូវជាកូនធម៌ របស់សពស្រ្តីរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ៖ «កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោមទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះហើរមកពីណាទេ។ ឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថារត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ ឃើញសភាពបែបនេះ ខ្ញុំក៏រត់ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញចែសីមា និង កូនប្រុសរបស់គាត់កំពុងត្រូវបានសត្វឃ្មុំទិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ»។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យលើផ្ទៃមុខ និង ដងខ្លួនបានបញ្ជក់ឱ្យឃើញថា មានទ្រនិចឃ្មុំចង្អេរជាច្រើនបានទិចទៅលើដងខ្លួន និង ផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ ឬ រលាត់ឡើយ។
តបតាមការស្រាវជ្រាវ និង ពិនិត្យជុំវិញកន្លែងកើតហេតុ និង ប្រមូលព័ត៌មានបានបញ្ជាក់ឱ្យឃើញថា ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ ហើយកម្លាំងជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
\
ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ