កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ មានរឿងរ៉ាវដ៏រន្ធត់មួយកើតមានឡើងក្នុងស្រុក Bhagalpur រដ្ឋ Bihar ប្រទេសឥណ្ឌា ដោយមានក្មេងប្រុសជាសិស្សរៀនថ្នាក់ទី ១០ ម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយការបាញ់សម្លាប់ខ្លួនជាមួយកាំភ្លើងរបស់ឪពុក។
បើតាមការបញ្ជាក់របស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Somil Raj អាយុ ១៤ ឆ្នាំ។ តាមការទម្លាយពីក្រុមគ្រួសារបានអះអាងថា ក្មេងប្រុសរូបនេះគឺតូចចិត្តជាមួយពិន្ទុប្រឡងដែលទទួលបាន ទើបធ្វើឱ្យគេឈឺចិត្តខ្លាំងរហូតគិតខ្លីបែបនេះ។
ថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ ប៉ូលិសប្រចាំប៉ុស្តិ៍ Kahalgaon បានឱ្យដឹងថា៖ «ភ្លាមៗក្រោយទទួលបានការរាយការណ៍ ក្រុមប៉ូលិសក៏បានចុះដល់ទីតាំងកើតហេតុ និង បញ្ជូនសាកសពជនរងគ្រោះយកទៅធ្វើកោសល្យវិច័យ។ ចំពោះកាំភ្លើង និង ទូរស័ព្ទជនរងគ្រោះត្រូវបានប៉ូលិសដកទុកយកទៅធ្វើការស៊ើបអង្កេតបន្ត»។
ក្រោយស៊ើបអង្កេតបឋម ប៉ូលិសរកឃើញថាក្មេងប្រុសនោះអាចនឹងបាញ់សម្លាប់ខ្លួនឯងពិតមែន ហើយបើតាមការពិនិត្យមើលទូរស័ព្ទ ប៉ូលិសរកឃើញដែរថារូបគេបានផ្ញើសារទៅមិត្តភក្តិដោយប្រាប់ថាគេនឹងបញ្ចប់ជីវិតខ្លួនឯង។
ចំពោះខាងក្រុមគ្រួសារវិញជឿថារូបគេសម្លាប់ខ្លួនដោយសារតូចចិត្តនឹងពិន្ទុប្រឡងដែលទទួលបានលទ្ធផលក្រោម ៥០%។ យ៉ាងណាមិញ ករណីមួយនេះប៉ូលិសនៅបន្តស៊ើបអង្កេតបន្ថែមលម្អិតដើម្បីរកមូលហេតុពិតប្រាកដជាក់លាក់៕
ប្រភព៖ Kenh14