សារព័ត៌មាន MustShareNews បានរាយការណ៍ពីករណីគ្រោះថ្នាក់មួយនៅប្រទេសឥណ្ឌា ដែលមានបុរសចំនួន ៣ នាក់បានបាត់បង់ជីវិត ក្រោយពីនាំគ្នាបើកឡានតាម Google Maps ជ្រុលទៅធ្លាក់ពីលើស្អានដែលមិនទាន់ជួលជុលហើយ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅរដ្ឋ Uttar Pradesh កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ ដោយជនរងគ្រោះជាបុរសទាំង ៣ នាក់ បានបើកឡានមួយគ្រឿងជាមួយគ្នាទៅតាម Google Maps ហើយក៏បានជ្រុលទៅធ្លាក់ពីលើស្ពានមួយកន្លែងកម្ពស់ ១៥ ម៉ែត្រ ដែលដាច់ខូចខាតមិនទាន់ជួលជុលរួច និងមិនមានផ្លាកសញ្ញាដាស់តឿន បណ្តាលឱ្យធ្លាក់ចូលទៅខាងក្រោមស្លាប់បាត់បង់ជីវិតទាំង ៣ នាក់។
ក្នុងនោះ ខាងអាជ្ញាធរបានខ្នះខ្នែងនាំសពបុរសទាំង ៣ នាក់មកដល់លើគោក ហើយបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ។ ដោយឡែក ខាង Google Maps ក៏បានចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសព ហើយក៏បានសហការជាមួយនឹងអាជ្ញាធរក្នុងការស៊ើបអង្កេតករណីនេះផងដែរ។ ចំណែកខាងគ្រួសារសពវិញ បានរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរដែលមិនបានដាក់ផ្លាកសញ្ញាដាស់តឿននៅលើស្ពានដែលកំពុងសាងសង់ រហូតបណ្តាលឱ្យមានអ្នកគ្រោះថ្នាក់ដល់បាត់បង់ជីវិតបែបនេះ៕
ប្រភព៖ Sanook