នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Herald Corp បានចេញផ្សាយថា តារាស្រី Ahreum អតីតសមាជិកក្រុម T-ara ត្រូវបានតុលាការ Suwon District កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ជាមួយនឹងការឃ្លាំមើលរយៈពេល ២ ឆ្នាំទៀត ជុំវិញករណីបំពានលើកុមារ និង បទបរិហារកេរ្តិ៍។ បន្ថែមពីនេះ រូបនាងក៏តម្រូវឱ្យចូលថ្នាក់ហ្វឹកហ្វឺនការបញ្ចៀសការរំលោភបំពានលើកុមាររយៈពេល ៤០ ម៉ោងផងដែរ។
តាមព័ត៌មានដដែលបានឱ្យដឹងថា Ahreum បានបំពានផ្លូវចិត្តកូនៗរបស់នាងដោយការជេរស្ដីលើអតីតប្ដីនៅពីមុខពួកគេ។ នៅក្នុងតុលាការ រូបនាងក៏ព្រមទទួលលើបទល្មើសមួយនេះផងដែរ។ បន្ថែមពីនេះ Ahreum ក៏បានជេរស្ដីទៅកាន់បុគ្គលម្នាក់ទៀតហៅថា A ក្រោយជនរូបនោះបានទម្លាយពីសាលក្រមរបស់សង្សារនាង (ឈ្មោះ Seo Dong Hoon)។ តាមព័ត៌មានបានបញ្ជាក់ថា Seo Dong Hoon ត្រូវគេទម្លាយពីប្រវត្តិចេញចូលពន្ធនាគារ ភ្លាមៗក្រោយរូបលោកប្រកាសទាក់ទងគ្នាជាមួយ Ahreum កាលពីជាង ១ ឆ្នាំមុន។ ខាងតំណាងតុលាការបាននិយាយថា មកទល់ពេលនេះ បុគ្គល A មិនព្រមលើកលែងទោសចំពោះទង្វើរបស់ Ahreum មកលើគេនោះឡើយ។
ក្រៅពីនេះ ក្នុងការកាត់ក្ដីថ្មីៗនេះ តុលាការក៏បានសម្រេចដាក់ទោសម្ដាយរបស់ Ahreum ឱ្យជាប់ពន្ធនាគារ ៤ ខែ និង ស្ថិតក្រោមការឃ្លាំមើល ១ ឆ្នាំផងដែរ ជុំវិញបទល្មើសបំពានលើកុមារដូចគ្នា ដោយការធ្វេសប្រហែសបណ្ដោយឱ្យចៅៗបន្តរស់នៅ និង មើលឃើញទិដ្ឋភាពឪពុកម្ដាយរបស់គេជេរគ្នាចុះឡើងៗ៕