ប៉ុន្មានថ្ងៃនេះ អ្នកស្នេហាវិស័យកុនខ្មែរកំពុងផ្ទុះការគាំទ្រខ្លាំងចំពោះភាពយន្តខ្មែរខ្នាតធំមួយមានចំណងជើង «គាស់ផ្នូរ» ផលិតដោយ Sastra Film ដោយរឿងនេះជាប្រភេទរឿងរន្ធត់ និង បានដកស្រង់ចេញពីហេតុការណ៍ពិតដែលលោកគ្រូសិនសែ ម៉ុង បានទទួលពីគ្រួសារមួយធ្លាប់ឆ្លងកាត់ពាក់ព័ន្ធនឹងរឿងហុងស៊ុយ។
រឿង «គាស់ផ្នូរ» នេះ ត្រូវបានមហាជនដែលចូលទស្សនាហើយ បានដាក់ពិន្ទុសឹងតែ ១០ លើ ១០ ទាំងអស់គ្នា ដោយសារសាច់រឿងមានលក្ខណៈទាក់ទាញ និង គួរឱ្យចាប់អារម្មណ៍។ លើសពីការចាប់អារម្មណ៍ជាមួយសាច់រឿងដែលដកស្រង់ពីហេតុការណ៍ពិតនោះ គឺប្លង់ថងសុទ្ធតែ Best ខ្លាំង ពោលគឺមានឈុតឆាករន្ធត់ ពញ្ញាក់អារម្មណ៍ តាំងពីដើមរឿងដល់ចុងបញ្ចប់ ហើយអ្វីដែលពិសេសនោះ គឺតួអង្គនីមួយៗបានសម្តែងចេញយ៉ាងស័ក្តិសមបំផុត។
រឿង «គាស់ផ្នូរ» នេះដែរ មានការសម្តែងដោយតួអង្គល្បីៗក្មេងចាស់ច្រើនរូប ដែលក្នុងនោះលោក តុប វិសាល ត្រូវបានគេដឹងថាដើរតួជាគ្រូសិនសែដ៏ល្បី និង បានចូលមកដោះស្រាយបញ្ហាដែលកើតមានក្នុងក្រុមគ្រួសារមួយដែលកំពុងមានរឿង។
តាំងពីរឿងចាប់ផ្តើមបញ្ចាំងភ្លាម អ្នកទស្សនាជាច្រើនហាក់បានស្លុងនឹងការពញ្ញាក់អារម្មណ៍ជាមួយឈុតឆាករន្ធត់ជាច្រើន ប៉ុន្តែក្នុងអំឡុងពេលដែលអ្នកទស្សនាកំពុងដាក់ចិត្តរន្ធត់ខ្លាំង និង ចង់ដឹងថារឿងរ៉ាវនៃគ្រួសារនោះមានអ្វីកើតឡើងទៀត ស្រាប់តែចេញឈុតគ្រូហុងស៊ុយដើរតួដោយលោក តុប វិសាល ងូតទឹកយ៉ាងស៊ីអារម្មណ៍ ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល និង ស្រែកហ៊ោរឡើង ខណៈពេលបានឃើញឈុតនេះ។ ជាមួយគ្នានោះ អ្នកគាំទ្រក៏បានលើកឡើងថា អ្នកនិពន្ធ និង ដឹករឿងមានភាពប៉ិនប្រសប់ណាស់ ដោយបានបញ្ចូលឈុតនេះមក ដើម្បីបង្វែរបរិយាកាសដែលកំពុងតានតឹងមកធូរស្រាលវិញខ្លះ និង ឱ្យសាច់រឿងកាន់តែជក់ចិត្តខ្លាំង។
ស្របគ្នានឹងការជកចិត្ត អ្នកគាំទ្រក៏បានចំអន់អ្នកនិពន្ធ និង ដឹកនាំរឿងខ្លះដែរថា ហេតុអ្វីបានដាក់ឈុតនេះមកហើយ បែរជាដាក់ឱ្យមានរយៈពេលខ្លី បើដាក់យូរជាងនេះបន្តិចនឹងកាន់តែធ្វើឱ្យសាច់រឿងចាប់អារម្មណ៍ខ្លាំងឡើង ព្រោះតួគ្រូហុងស៊ុយ ដែលដើរតួដោយលោក តុប វិសាល គឺមានភាពសង្ហាខ្លាំង៕