ថ្មីៗនេះ មានករណីគួរឱ្យប្រុងប្រយ័ត្នចំពោះមាតាបិតាអាណាព្យាបាលដែលមានកូនតូចៗ ដោយនៅខេត្តសៀមរាប មានករណីក្មេងប្រុសអាយុ ២ ឆ្នាំ ៦ ខែ បានស្លាក់គ្រាប់ដែកកិប ជាប់ក្នុងក្រពះ ត្រូវបានក្រុមគ្រូពេទ្យជំនាញ នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាប ចាប់យកចេញវិញបានដោយជោគជ័យ។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈផេកមន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ មានកុមារាម្នាក់ អាយុ ២ ឆ្នាំ ៦ ខែ បានលេបគ្រាប់ដែកកិប ១ ដុំចូលទៅក្នុងក្រពះ នឹងត្រូវបានម្ដាយបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យអគារ ខ-៣។ ក្រោយពេលមកដល់មន្ទីរពេទ្យ ផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ខេត្តសៀមរាប បានធ្វើការឆ្លុះក្រពះ និង ចាប់យកគ្រាប់ដែកកិប ដែលស្លាក់ជាប់ក្នុងក្រពះ បានដោយជោគជ័យផងដែរ។
ភ្ជាប់ទៅនឹងរឿងនេះ មន្ទីរពេទ្យគន្ធបុប្ផា បានសំណូមពរឱ្យមាតាបិតាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរបស់មុតស្រួច មានថ្មពិល មេដែក ឬ វត្ថុដែលមានហានិភ័យផ្សេងៗ ដោយរក្សាទុកឱ្យផុតពីដៃកុមារតូចៗ៕