មានករណីមួយនៅប្រទេសថៃ ដែលមានទារកម្នាក់កើតបានទើបតែ ១០ ថ្ងៃ ត្រូវបានបាត់បង់ជីវិតទាំងគួរឱ្យសោកស្តាយបំផុត ក្រោយពីត្រូវគ្រូពេទ្យធ្វើឱ្យបាក់ឆ្អឹងដងកាំបិទ និង ឆ្លងមេរោគ។
តាមព័ត៌មានបានឱ្យដឹងថា នារីជាម្តាយបានទៅសម្រាលកូននៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងខេត្តបុរីរ៉ាំ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ តែក្រោយពីសម្រាលហើយ កូនស្រីក៏ត្រូវគ្រូពេទ្យយកទៅដាក់ក្នុងទូកម្តៅក្នុងមន្ទីរពេទ្យសិន ព្រោះតែខ្លួនឡើងលឿង និង មានចង្វាក់បេះដូងដើរខុសធម្មតា ចំណែកឯម្តាយក៏ត្រូវអនុញ្ញាតិឱ្យត្រឡប់ទៅផ្ទះមុន។ លុះមកដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ ខាងគ្រូពេទ្យក៏បានប្រាប់ថាកូនស្រីបានបាក់ឆ្អឹងដងកាំបិទខាងស្តាំ ព្រមទាំងមានការឆ្លងមេរោគធ្ងន់ធ្ងរ បណ្តាលឱ្យលាមកមានឈាមទៀតផង។
យ៉ាងណាមិញ ខាងឪពុកម្តាយពិតជាមានឆ្ងល់ហួសចិត្តជាខ្លាំង តែខាងគ្រូពេទ្យក៏បានប្រាប់ឱ្យដឹងថា ទារកបាក់ឆ្អឹងដងកាំបិទដោយសារតែខ្លួនប្រើឧបករណ៍ជំនួយនៅពេលសម្រាល ហើយកាលដែលផ្តល់ដំណឹងឱ្យយឺត ព្រោះត្រូវយកទារកទៅថត ក្រោយពីថតឃើញហើយក៏បានព្យាយាមព្យាបាលឱ្យ។ ដោយឡែក ជាអកុសលនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ ទារកក៏បានបាត់បង់ជីវិត ធ្វើឱ្យឪពុកម្តាយ ក៏ដូចជាក្រុមគ្រួសារមានការសោកស្តាយ និង ហួសចិត្តជាមួយខាងមន្ទីរពេទ្យជាខ្លាំង ហើយក៏បានអះអាងថានឹងស្វែងរកយុត្តិធម៌ទៅតាមផ្លូវច្បាប់ឱ្យខានតែបាន៕
ប្រភព៖ Thairath