ខណៈកម្មវិធីផ្ទះបាយ MasterChef Cambodia រដូវកាលពី ៤ កំពុងទទួលពាក្យជាបណ្តើរៗ ទន្ទឹមគ្នានេះមហាជន ជាពិសេស អ្នកមានបំណងដាក់ពាក្យប្រកួត បានកំពុងរារែក ដោយហេតុមានបេក្ខជនកាលពីរដូវកាលមុន បានលើកឡើងអំពីការចំណាយផ្ទាល់ខ្លួន ដែលត្រូវចាយលុយច្រើនតាំងពីពេលចាប់ផ្តើមប្រកួតរហូតដល់បញ្ចប់។ លោក ឃួន សំអន ដែលជាម្ចាស់ពាន MasterChef Cambodia រដូវកាលទី ៣ លោកក៏បានទទួលសារជាច្រើនអំពីចម្ងល់នេះ ដោយមិនបង្អង់យូរ លោកបានសរសេរបង្ហោះបកស្រាយភ្លាមៗនៅលើទំព័រហ្វេសប៊ុករបស់លោកផងដែរ។
លោកបានរៀបរាប់ដោយផ្អែកលើបទពិសោធផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ «មានបងប្អូនឆាតសួរខ្ញុំច្រើនណាស់ ពេលក្លាយទៅជាបេក្ខជន ២៥ នាក់ ក្នុងផ្ទះបាយ Masterchef យើងត្រូវចំណាយច្រើនទេបង? ហើយខ្ញុំពុំមានថវិកាផង ខ្ញុំអាចចូលបានទេបង? នេះក៏ដោយសារតែពួកគាត់ស្តាប់ការបកស្រាយរបស់បេក្ខជនយើងមួយចំនួនផ្សេងៗ ដែលពួកគាត់មានការចំណាយខ្ពស់ សព្វគ្រប់បែបយ៉ាង ទៅតាមលទ្ធភាពរបស់ពួកគាត់!
ជាក់ស្តែងរឿងរ៉ាវមួយចំនួនដូចជាការហូបចុក ខោអាវថត opening show កញ្ចប់លុយចាយវាយប្រចាំថ្ងៃ ខាងកម្មវិធីគឺបានគិតគូរយ៉ាងគួរសម សម្រាប់បេក្ខជននីមួយៗស្មើៗគ្នារួចហើយ! (បើយើងចង់បានលើសនឹងគឺចំណាយខ្លួនឯង)។
«ខ្ញុំហ៊ាននិយាយថាខ្ញុំមិនបានចំណាយច្រើនទេ» ក្នុងអំឡុងពេលប្រកួតខ្ញុំមានត្រឹម ១០០$ ជាង និង សៀវភៅធ្វើម្ហូបចំនួន ១០ ក្បាលជាង គ្រឿងទេស សម្រាប់ធ្វើម្ហូបតិចតួច និង ខោអាវថ្មីខ្លះ ចាស់ខ្លះ ប្រហែល ១០ ឈុតជាងប៉ុណ្ណោះ! ខ្ញុំចំណាយចំពោះរឿងណាដែលខ្ញុំចាំបាច់បំផុត! ហើយយើងក៏អាចបដិសេធជាមួយការចេញក្រៅញុំារបស់ថ្លៃៗ ជាមួយមិត្តភក្តិ ឬក៏ចំណាយទិញរបស់ថ្លៃៗដែលមិនចាំបាច់ប្រចាំថ្ងៃបាន។
យើងកុំមានភាពអវិជ្ជមានមួយគិតថា គេគិតបែបនេះ គេគិតបែបនោះ «តែត្រូវសួរខ្លួនឯងវិញថា» ខ្ញុំមានកញ្ចប់លុយដែលអាចធ្វើដូចពួកគាត់បានទេ? កុំខ្លាចខ្មាសគេ ព្រោះភាពខ្មាសរបស់អ្នក ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯងទាំងស្រុងបាត់ទៅហើយ។ រក្សាគោលជំហរខ្លួនឯងឱ្យនឹង ផ្តោតលើឆន្ទៈរបស់អ្នក គ្មាននរណាម្នាក់អូសទាញអ្នកបានក្រៅពីខ្លួនឯងទេ។
នេះជាចម្លើយរបស់ខ្ញុំចំពោះបងប្អូនដែលបានឆាតមកសួរជាច្រើន ទាក់ទងទៅនឹងកញ្ចប់ថវិកាចាយវាយប្រចាំថ្ងៃ! ព្រោះពួកគាត់មានក្តីស្រមៃចង់បង្ហាញសមត្ថភាព ចម្អិនក្នុងផ្ទះបាយ Masterchef តែមិនហ៊ានដាក់ពាក្យដោយសារពុំមានថវិកាចំណាយ!
ពាក្យស្លោករបស់ខ្ញុំដែលទន្ទេញជាប់មាត់ (កុំឃើញដំរីជុះ ជុះតាមដំរី) ខ្ញុំនឹងឆ្លៀតឱកាសចេញជាវីដេអូដើម្បីជាការលើកទឹកចិត្តជំរុញ និង បទពិសោធខ្ញុំផ្ទាល់ជូនអ្នកទាំងអស់គ្នាបន្ថែមទៀត!»៕