នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរ និង ផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និង កំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៧:៣០ នាទី គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹង រៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរបណ្ដោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធីលើកំណាត់ផ្លូវដូចខាងក្រោម ៖
– កំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន)
– កំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីរង្វង់មូលសម្តេចសង្ឃជួនណាត ដល់វិថីឧកញ៉ាឈុន)
– កំណាត់មហាវិថី ព្រះសុរាម្រឹត និង កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបនាគបាញ់ទឹក)
– ផ្អាកកំពង់ចម្លងជ្រោយចង្វារភ្នំពេញ និង កំពង់ចម្លងអរិយក្សត្រភ្នំពេញជាបណ្តោះអាសន្ន។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ និង កំពង់ចម្លងខាងលើតាមកាលបរិច្ឆេទដោយអនុគ្រោះ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖