រយៈពេលជាងម្ភៃឆ្នាំបម្រើការងារនៅក្នុងជួររដ្ឋាភិបាល លោកជំទាវ ចម និម្មល បានផ្តើមពីមនុស្សស្រីវ័យក្មេងទទួលបន្ទុកការងារខ្ពស់ រហូតអភិវឌ្ឍន៍ខ្លួនឡើងតំណែងជាបន្តបន្ទាប់ ក្លាយជាស្ត្រីដឹកនាំ ស្ត្រីគំរូ និង ជាស្ត្រីដ៏មានឥទ្ធិពលនៅក្នុងសង្គម។ ជាក់ស្តែង បច្ចុប្បន្នលោកជំទាវកំពុងកាន់តំណែងធំ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅកម្ពុជា។
តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកជំទាវ ចម និម្មល បានចែករំលែកអំពីភាពជាអ្នកដឹកនាំរបស់ខ្លួន ដោយចង្អុលបង្ហាញទៅពាក្យសាមញ្ញមួយគឺ Nurturing ឬ ជំរុញឱ្យរីកចម្រើន។ លោកជំទាវនិយាយថា៖ «ភាពជាអ្នកដឹកនាំគឺជាអ្វីទាំងអស់ដែលជំរុញឱ្យរីកចម្រើន ជាពិសេសក្នុងនាមជាស្ត្រី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកមិនត្រឹមតែដឹកនាំប៉ុណ្ណោះទេ តែក៏វិវឌ្ឍន៍ក្រុមការងាររបស់អ្នកផងដែរ។ អ្នកកសាងទំនុកចិត្តរបស់ពួកគេ និង ជឿជាក់ពួកគេជាក្រុម»។ លោកជំទាវបន្តទៀតថា៖ «ភាពមានវិជ្ជាជីវៈ គឺជាសមត្ថភាពក្នុងការយល់ពីតួនាទី និង ទំនួលខុសត្រូវ។ តួនាទីរបស់ខ្ញុំ គឺយល់ពីអ្វីដែលខ្ញុំត្រូវការ ដើម្បីដឹកនាំគម្រោងការងារប្រកបដោយប្រសិទ្ធភាព»។
ចំពោះលក្ខណៈគ្រប់គ្រងដើម្បីជោគជ័យ លោកជំទាវលើកឡើងថា៖ «ខ្ញុំជឿជាក់លើភាពជាអ្នកដឹកនាំស្វយ័ត (autonomous leadership) មានន័យថា ប្រសិនបើកិច្ចការណាមួយដែលខ្ញុំដាក់ឱ្យនរណាម្នាក់ធ្វើ គឺសម្រាប់អ្នកដែលអាចដឹងពីរបៀបធ្វើវាឱ្យជោគជ័យ។ ហើយភាពជាអ្នកដឹកនាំគឺជាការគាំទ្រពួកគេ ដូច្នេះពួកគេអាចយល់ដឹងពីវាដើម្បីបង្កើតគំនិតដោយខ្លួនឯង និង នាំយកនូវលទ្ធផល»។
ជាស្ត្រីធ្វើការកាន់តួនាទីធំមិនចាញ់បុរស លោកជំទាវថា ភាពបត់បែន ឬ flexibility គឺជាស្នូលដ៏សំខាន់ចម្បង ដែលធ្វើឱ្យលោកជំទាវអភិវឌ្ឍន៍ខ្លួនមកដល់សព្វថ្ងៃ។ ភាពបត់បែនមិនមែនជាអ្វីដែលចេះតែធ្វើទៅដោយមិនដឹងពីស្ថានភាពនៃអ្វីដែលកំពុងកើតឡើងនោះទេ វាជាការដឹងអំពីកាលៈទេសៈ និង ធ្វើការជ្រើសរើសដ៏ឆ្លាតវៃដើម្បីសម្របតាមពួកគេ។ ទន្ទឹមគ្នានេះ លោកជំទាវក៏លើកឡើងពីភាពឆ្លាតវៃរបស់មនុស្សស្រីដែរថា៖ «ចំណុចពិសេសមួយរបស់មនុស្សស្រីនៅក្នុងតួនាទី គឺភាពបត់បែន។ សេចក្តីមេត្តា និង សមត្ថភាព រួមទាំងការមើលឃើញភាពខុសគ្នាយ៉ាងលម្អិតរបស់យើង គឺជាអ្វីដែលពិសេសបំផុតរបស់មនុស្សស្រី។ យើងផ្តោតការយកចិត្តទុកដាក់លម្អិតជាង និង មើលឃើញអ្វីៗតាមរបៀបមានរចនាសម្ព័ន្ធខ្លាំង»។