កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ពិធីបុណ្យសព ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះ RtuhKo បានរៀបចំធ្វើឡើងចប់សព្វគ្រប់តាមប្រពៃណីហើយ ក្រោយពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតនៅវេលាម៉ោង ១ និង ៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះដែរ មុនពិធីបុណ្យ ៧ ថ្ងៃ មួយថ្ងៃ ក្រុមគ្រួសារ និង មិត្តភក្តិរបស់លោក RuthKo បានទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីរៀបចំពិធីតាមព្រះពុទ្ធសាសនាបង្សុកូលជូនលោក និង អញ្ជើញព្រលឹងលោកទៅផ្ទះធ្វើបុណ្យ ៧ ថ្ងៃ តាមប្រពៃណីផងដែរ។
ជាការពិត RuthKo បានបាត់បង់រូបកាយពីពិភពលោកនេះ បានធ្វើឱ្យក្រុមគ្រួសារ មិត្តភក្តិ និង មហាជនអ្នកគាំទ្រនៅមិនទាន់ទទួលយកបាននៅឡើយទេ ក៏ព្រោះតែលោកគឺជាធនធានមនុស្សដ៏ល្អពោរពេញដោយសមត្ថភាពមួយរូបក្នុងសង្គម វិស័យសិល្បៈ និង ជាកូនល្អ បងប្អូនល្អ មិត្តភក្តិល្អទៀតផង។
ទោះរូបកាយបាត់សូន្យឈឹង តែលោក RuthKo បានបន្សល់ការចងចាំជាច្រើនរហូតបានធ្វើឱ្យតារាចម្រៀងរ៉េបលោក Vin Vitou បានសាក់រូបសញ្ញានិមិត្តរូបតំណាងឱ្យលោក RuthKo នៅស្មាខាងស្តាំ ព្រមទាំងបានសរសេររៀបរាប់សារមួយឃ្លាថា៖ «មិនខ្វល់ថាយើងនៅទីណា យើងនៅតែរាប់អានគ្នាបានតើ! ប្អូននៅជាប់ដៃស្តាំរបស់បងរហូត Rest High in heaven brother RuthKo»៕