កម្មវិធីប្រកួតសម្រស់ Miss Grand International 2024 ទើបតែបានបញ្ចប់ទៅកាលពីថ្មីៗនេះ ក្រោមរូបភាពចម្រូងចម្រាសជាច្រើនបានកើតឡើង ហើយសម្រាប់ម្ចាស់មកុដដែលឈ្នះក្នុងកម្មវិធីនោះ គឺបានទៅលើនាង Rachel Gupta ជាបវរកញ្ញាមកពីប្រទេសឥណ្ឌា។
ក្រោយការឈ្នះមកុដ MGI 2024 មានមហាជនមួយចំនួនបានលើកឡើងពីការខកចិត្តមិនតិចឡើយ ព្រោះបានឃើញវាសនាម្ចាស់មកុដ MGI ប្រចាំឆ្នាំ ២០២៤ រូបនេះ មកឡាយលក់របស់របរហាក់មិនស៊ីនឹងដំណែងដែលនាងខំតស៊ូមតិរហូតបានឈ្នះនោះ និង ជាពិសេសទៅទៀតនោះ គឺរឹតតែមិនសមនឹងឋានៈគ្រួសាររបស់នាងថែមទៀត។
បើនិយាយពីប្រវត្តិគ្រួសារវិញ នាង Rachel Gupta បានកើតនៅក្នុងគ្រួសារអ្នកមានធូរធារមួយនៅក្នុងប្រទេសឥណ្ឌា ដោយមានឪពុកជាអ្នកជំនួញធំ និង មានជំនាញក្នុងសិល្បៈថែមទៀត។ រីឯម្តាយរបស់នាងគឺជាគ្រូបង្ហាត់យោហ្គា និង ជា influencer ក្នុងវិស័យហ្វេសសិនដ៏ល្បី ចំណែកឯប្អូនស្រីរបស់នាងវិញគឺជាតារាម៉ូដែលលំដាប់ផងដែរ។
ងាកទៅកាន់នាង Rachel Gupta ផ្ទាល់វិញ ដោយសារតែស្ថិតនៅក្នុងគ្រួសារមួយលំដាប់នោះ នាងបានសិក្សាសាលាល្អៗ និង បានបញ្ចប់ការសិក្សាក្នុងជំនាញទស្សនៈវិជ្ជា និង ចិត្តវិទ្យា ដែលសុទ្ធតែមុខជំនាញល្អ អាចធ្វើឱ្យនាងយកចំណេះដឹងនេះទៅចែករំលែកជាផលប្រយោជន៍សម្រាប់សង្គមជាតិ និង មនុស្សជុំវិញពិភពលោក ក្រោយនាងបានឈ្នះមកុដ MGI 2024 នោះ។
យ៉ាងណាមិញ ក្រោយពេលដែល Rachel Gupta បានចូលប្រកួត MGI 2024 និង បានឈ្នះមកុដហើយនោះ អ្នកគាំទ្របែរជាបានសង្កេតឃើញនាងមិនបានចូលរួមក្នុងសកម្មភាពសង្គមណាមួយធំដុំ សមនឹងចំណេះដឹងដែលនាងមាន និង អ្វីដែលនាងបានតស៊ូមតិលើឆាក MGI នោះទេ ប៉ុន្តែអ្នកគាំទ្របែរជាឃើញតែនាងមកអង្គុយឡាយលក់ចំណីចំនុក គ្រឿងផ្ទះបាយដូចជា ទឹកកាពិ ទឹកប្រហុកផ្អក អាហារត្រាំ និង របស់របរមួយចំនួនទៀត នៅតាមបណ្តាញសង្គមជាមួយម្ចាស់ស្ថាប័ន MGI ទៅវិញ៕