បន្ទាប់ពីជួបនូវគ្រោះអកុសលនឹកស្មានមិនដល់ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នេះ ក្រុមគ្រួសាររបស់លោក RuthKo បានជូនដំណឹងពីកម្មវិធីបុណ្យសពរបស់លោក ដាវិឌ ប្ញទ្ធិរុទ្រ ហៅ Ruthko ដែលមរណភាពនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ នឹងត្រូវអញ្ជើញសពចូលផ្ទះថ្មី នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ២:០០ រសៀល។
ចំពោះការជូនដំណើរសពទៅកាន់ភូមិថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ០៣:០០ រសៀល នៅវត្តចាក់អង្រែក្រោម ខណៈសពនឹងត្រូវបញ្ចុះ ឬ បូជា នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០ នាទីរសៀលនេះដែរ។
ទន្ទឹមគ្នាក្នុងការបាត់បង់កូនល្អ ប្អូនល្អ បងល្អ និង មិត្តជាទីស្រឡាញ់នោះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានឃើញសិល្បករ សិល្បការិនី ជាពិសេស តារាក្នុងវិស័យចម្រៀងរ៉េប និង R&B បានប្តូរ Profile Photo លើហ្វេសប៊ុក ទៅជារូបនិមិត្តសញ្ញាឈ្មោះរបស់លោក RuthKo ដើម្បីកាន់ទុក្ខដល់លោកទៀតផង។
យ៉ាងណាមិញ អ្វីដែលកានតែស្រណោះដល់លោក RuthKo ថែមទៀតនោះ កញ្ញា វ៉ាន់ នីឡា ដែលធ្លាប់រួមការងារក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី ១ ជាមួយនឹងលោក RuthKo បានទម្លាយពីការតស៊ូរបស់លោកកាលនៅមានជីវិត ព្រមទាំងលើកឡើងថា លោកទើបតែបានរស់នៅជុំបងស្រីបង្កើតប្រមាណជា ១ ខែប៉ុណ្ណោះ។
កញ្ញា វ៉ាន់ នីឡា បានរៀបរាប់ទាំងអាល័យថា៖ «លាហើយប្អូនប្រុសដ៏សែនល្អ បងពិតជាមានមោទកភាពចំពោះការខិតខំប្រឹងប្រែងតស៊ូរបស់ប្អូនណាស់។ បើអ្នកទាំងអស់គ្នាដឹងថា តើជីវិតគាត់ពិបាកខ្លាំងដល់កម្រិតណា? ខ្ញុំជឿថាអ្នកទាំងអស់គ្នា អាណិតអាសូរគាត់លើសនេះរាប់ពាន់ដង។ ទើបតែបានរស់នៅជុំគ្នាជាមួយបងស្រីបង្កើតប្រមាណជាមួយខែនេះទេ»៕