រយៈពេលជាង ១០ ថ្ងៃហើយ ដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo បានទទួលមរណភាព លាក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រគ្មានថ្ងៃត្រឡប់ ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ បើទោះជាពេលវេលាបានរំលងផុតពីមួយថ្ងៃ ទៅមួយថ្ងៃក្តី តែក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្ររបស់លោក RuthKo នៅតែមិនទាន់អាចទទួលយកបាន និង បង្ហាញអារម្មណ៍នឹងរឭក ព្រមទាំងសោកស្តាយរូបលោកយ៉ាងខ្លាំង។
ងាកមកកាន់តារាចម្រៀងប្រុសលោក វុទ្ធា ដែលជាមិត្តរួមទ្រនំ និង រាប់អានគ្នាដូចជាបងប្អូនបង្កើតឯណោះវិញ ក៏មានទុក្ខសោកយ៉ាងខ្លាំងណាស់ដែរ នៃការបាត់បង់ប្អូនប្រុសដ៏ល្អដូចលោក RuthKo។ ក្នុងនោះ លោក វុទ្ធា ធ្លាប់បានឱ្យដឹងថា លោក RuthKo គឺជាបុគ្គលតែម្នាក់ ដែលស្និទ្ធស្នាល ដឹងរឿងគ្នាទៅវិញទៅមកជាងបងប្អូនបង្កើតទៅទៀត។
ធ្លាប់តែឃើញមុខគ្នា អង្គុយជជែកគ្នាទល់ៗភ្លឺ តែពេលនេះលែងឃើញមុខគ្នាទៀត លោក វុទ្ធា បានបង្ហោះសារទាំងកណ្តាលអធ្រាត្រ ចង់ឱ្យលោក RuthKo មកជជែកជាមួយគ្នាដូចមុនថា៖ «បងដេកមិនលក់ទេ នឹកហ្អែងណាស់ RuthKo! ម៉ោះផឹកបន្តិចជជែកគ្នាលេង»៕