នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក ផន ផល្លា ដែលមហាជនស្គាល់ថាជា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានសម្ដែងក្ដីហួសចិត្តនៅលើបណ្ដាញសង្គម ចំពោះទង្វើអមនុស្សធម៌របស់ជនសង្ស័យ ២ នាក់ ប្ដីប្រពន្ធ ចំពោះករណីយកក្មេងស្រីតូច និង សពស្ត្រីជាម្ដាយមីង ប្លុងចោលនៅគុម្ពព្រៃមួយកន្លែង ក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ។
តាមរយៈលោក ផន ផល្លា បានបង្ហោះថា ៖ «ខ្ញុំនៅតែនឹកស្មានមិនដល់ថា តើពួកគាត់ទាំងពីរនាក់នោះ អីក៏អមនុស្សធម៌ដល់ម្ល៉ឹង…..លួចដឹកសពម្តាយធំរបស់ក្មេងយកទៅទម្លាក់ចោលហើយ ព្រមទាំងចាក់ថ្នាំសន្លប់ដល់ក្មេង ហើយដឹកក្មេងយកទៅទម្លាក់ចោលជាមួយសពម្តាយធំនោះដែរ…»។
បច្ចុប្បន្ន បើតាមការឱ្យដឹងពីលោក ផន ផល្លា នៅរសៀលនេះ ក្មេងស្រីដ៏កម្សត់បានចាកចេញពីមន្ទីរពេទ្យនៅក្រុងភ្នំពេញហើយ ដោយវិលត្រឡប់ទៅស្រុកកំណើត នៅខេត្តតាកែវវិញក្នុងថ្ងៃនេះ។
សូមរំឭកផងដែរថា នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានគេយកប្លុងចោលនៅគុម្ពព្រៃមួយកន្លែង ក្នុងភូមិសាស្ត្រមួយនៃខេត្តតាកែវ ខណៈបើតាមព័ត៌មានបឋមបានឱ្យដឹងថា ករណីនេះគឺមានម្ចាស់គ្លីនិកឯកជនម្នាក់ បានចាក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លាប់ រួចហើយបានដឹកសាកសព និង យកក្មេងស្រីដែលមានអាយុជាង ៣ ឆ្នាំ ប្លុងចោល ចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្ទះជនរងគ្រោះ។ ក្នុងហេតុការណ៍ខាងលើនេះ មានជនរងគ្រោះដែលបានបាត់បង់ជីវិតឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ ឆ្នាំ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ២ រូប គឺស្ត្រីឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ ឆ្នាំ និង ស្វាមី រស់នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាន់កាប់ទីតាំងផ្ដល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា៕