ពីមួយផ្ទាំងទៅមួយផ្ទាំង គំនូរពណ៌ស្រគាំរំលេចពណ៌លឿងហាក់ដូចបញ្ចេញពន្លឺ ជាពិសេស លម្អិតជាមួយស្លឹកឈើចាស់ៗ មើលមកពិតជាវិចិត្រ មានការផ្ចិតផ្ចង់ និង បង្កប់ទៅអត្ថន័យគួរឱ្យចង់ដឹងចង់ឮបំផុត។ ជាការពិតណាស់ គំនូរដែលបរទេសកំពុងចោមចាប់ចិត្តទាំងនេះ គឺជាស្នាដៃបង្ហាញថ្មីរបស់សិល្បករគំនូរ ណូត ដារ៉ូ ដែលលោកទើបដាក់តាំងបង្ហាញនៅប៉ុន្មានថ្ងៃនេះ។
ស្នាដៃច្រើនផ្ទាំង ខ្លះតូច ខ្លះធំ ខ្លះខ្ពស់ហួសផុតជំហរមនុស្ស ត្រូវបានប្រមូលមកជួបជុំ ដាក់តាំងបង្ហាញក្រោមប្រធានបទ «Naturality» ឬ «ធម្មជាតិ»។ សិល្បករ ណូត ដារ៉ូ បានបំផុសគំនិតបង្កើតគំនូរនេះឡើងពី ភាពសាមញ្ញ និង ស្លឹកឈើជ្រុះ ដែលបង្ហាញពីសិល្បៈនៃធម្មជាតិ។ លោកប្រើការច្របាច់បញ្ចូលគ្នានៃធម្មជាតិ ជីវិត និង វប្បធម៌ ដោយផ្ទាំងគំនូរនីមួយៗ លោកប្រើពណ៌ព្រះអាទិត្យរះ ជាពណ៌អត្តសញ្ញាណរបស់ខ្លួន ហើយក៏ជាពណ៌មានលក្ខណៈរស់រវើក តំណាងឱ្យថាមពលព្រះអាទិត្យ និង មានតួនាទីជាមូលដ្ឋាននៅក្នុងការទ្រទ្រង់ជីវិត។
សាររបស់ម្ចាស់ស្នាដៃចំពោះខូឡិកហ្សិនគំនូរនេះគឺ អំពាវនាវឱ្យដឹងគុណ និង ការពារពិភពធម្មជាតិ។ ពាក្យមួយឃ្លាដ៏មានន័យរបស់លោកគឺ «ស្រលាញ់ធម្មជាតិដូចដែលអ្នកស្រលាញ់កូនរបស់អ្នក»។
បច្ចុប្បន្ន គំនូរស្នាដៃថ្មីរបស់ សិល្បករ ណូត ដារ៉ូ បានកំពុងដាក់តាំងនៅវិចិត្រសាល The Gallery ក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និង បើកឱ្យចូលទស្សនាដោយសេរីចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១១ យប់៕