កាលពីព្រលឹមថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ជារឿងរ៉ាវដ៏រន្ធត់មួយនៅចុងឆ្នាំ ២០២៤ នេះ ដោយលោក Brian Thompson ជា CEO ក្រុមហ៊ុនធានារ៉ាប់រង UnitedHealthcare ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហាររហូតបាត់បង់ជីវិតនៅតំបន់ Manhattan ក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
តាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញលោក Brian Thompson អាយុ ៥០ ឆ្នាំ ស្លៀកពាក់ឈុតអាវធំពណ៌ខៀវ ដើរតាមផ្លូវខាងមុខសណ្ឋាគារ New York Hilton នៅវេលាម៉ោង ៦ និង ៤៤ នាទីព្រឹកថ្ងៃទី ០៤ ខែធ្នូកន្លងទៅ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអ្នកវិនិយោគប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ យ៉ាងណាមិញ ខណៈលោកដើរចេញមិនបានប៉ុន្មានក៏លេចវត្តមានបុរសម្នាក់ពាក់អាវ hoody ពណ៌ខ្មៅស្ពាយកាតាបពណ៌ប្រផេះដើរចេញពីចំណតឡានក្បែរនោះទាញកាំភ្លើងចេញមកតម្រង់បាញ់សំដៅទៅកាន់លោក Brian តែម្ដង។
បើតាមការសង្កេតក្នុងកាមេរ៉ា ខ្មាន់កាំភ្លើងរូបនោះបានរង់ចាំក្បែរសណ្ឋាគាររយៈពេលប្រមាណជា ១០ នាទី មុនចាប់ផ្ដើមធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះដែលជាគោលដៅរបស់គេ។ ខ្មាន់កាំភ្លើងបានបាញ់ប្រហារលើជនរងគ្រោះជាច្រើនគ្រាប់រហូតលោកដួលនៅនឹងកន្លែង។ ក្រោយបាញ់ប្រហាររួច រូបគេថែមទាំងដើរទៅពិនិត្យមើលបញ្ជាក់ថែមទៀត មុនរត់គេចឆ្លងកាត់ផ្លូវទៅច្រកផ្លូវចន្លោះផ្លូវទី ៥៤ និង ៥៦ មុនបន្តដើរឆ្លងទៅដងវិថីទី ៦ បន្ទាប់មកក៏លោតឡើងលើកង់អគ្គិសនីជិះគេចខ្លួនបាត់ទៅ។
លោក Brian Thompson ត្រូវបានបាញ់ចំខ្នង និង ជើង ដោយលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវេលាម៉ោង ៦ និង ៤៨ នាទីព្រឹក ប៉ុន្តែជាអកុសលលោកត្រូវបានប្រកាសថាស្លាប់នៅម៉ោង ៧ និង ១២ នាទីព្រឹកថ្ងៃដដែលនោះ។ បច្ចុប្បន្ន ប៉ូលិសក្រុងញ៉ូយ៉កកំពុងដាក់ការស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនខ្មាន់កាំភ្លើងរូបនោះ ខណៈគោលបំណងនៃការបាញ់ប្រហារលើ CEO ក្រុមហ៊ុនធានារ៉ាប់រងនេះនៅមិនទាន់បញ្ជាក់ប្រាប់នៅឡើយទេ៕