មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ បន្ទាប់ពីបានជ្រាបករណីស្ត្រីម្នាក់ បានចាញ់ល្បិចឆបោករបស់ជនខិលខូច បន្លំខ្លួនថាមកពីខាងអគ្គីសនីកម្ពុជា ដោយឱ្យជនរងគ្រោះដោនឡូតកម្មវិធី រួចឆបោកយកប្រាក់ទាល់តែអស់ពីកុង។
ស្ត្រីដែលមានគណនី Tiktok ឈ្មោះ bn.bn7134 បានបង្ហោះវីដេអូនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ប្រមាណជិត ២ នាទី ដែលបង្ហាញពីសកម្មភាពទៅដាក់ពាក្យបណ្ដឹងនៅនគរបាល ព្រមទាំងរៀបរាប់បញ្ជាក់ឱ្យបានដឹងថា ខ្លួនត្រូវបានគេឱ្យដោនឡូតកម្មវិធី APP អគ្គិសនី និង ភ្ជាប់ជាមួយកុងធនាគារ ទើបត្រូវបានគេដកយកលុយចេញពីកុងទៅទាំងអស់តែម្ដង តម្រូវឱ្យបងប្អូនមានការប្រុងប្រយ័ត្នបន្ថែម ទៅលើករណីនេះ។
សូមរំឭកផងដែរថា នាពេលថ្មីៗនេះ ខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានសង្កេតឃើញករណីនេះផងដែរ និង បានណែនាំឱ្យបងប្អូនស្វែងយល់ផងដែរថា ករណីនេះគឺជនខិលខូចបានក្លែងបន្លំខ្លួនជាមន្រ្តីនៃ អគ្គិសនីកម្ពុជា (EDC) ហើយទាក់ទងទៅជនរងគ្រោះ និង ណែនាំឱ្យជនរងគ្រោះតម្លើងកម្មវិធី EDC ដើម្បីទាញយកទំនុកចិត្តពីជនរងគ្រោះ បន្ទាប់មកណែនាំឱ្យតម្លើងកម្មវិធីឈ្មោះ Tailscale ដើម្បីគ្រប់គ្រងទូរស័ព្ទពីចម្ងាយ រួចបញ្ឆោតឱ្យជនរងគ្រោះ បង្ហាញលេខសម្ងាត់ចូលកម្មវិធីធនាគារ ដោយឆបោកថា ដើម្បីទទួលលេខកូដសម្ងាត់របស់កម្មវិធី EDC នៅក្នុង Notification របស់កម្មវិធីធនាគារ។ ជាចុងក្រោយគេនឹងលួចប្រើប្រាស់គណនីធនាគាររបស់ជនរងគ្រោះដើម្បីលួចផ្ទេរប្រាក់ចេញ។
ដើម្បីចៀសវាងចាញ់ល្បិចជនខិលខូច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំឭកដល់សាធារណៈទាំងអស់ មេត្តាគប្បីប្រុងប្រយ័ត្ន ដូចខាងក្រោម៖
១. ផ្ទៀងផ្ទាត់ ៖ ប្រសិនបើអ្នកទទួលបានសារ ឬ ការហៅទូរស័ព្ទដែលមិនព្រាងទុក សូមបញ្ជាក់ពីអត្តសញ្ញាណរបស់បុគ្គលតាមរយៈប្រភពពិតប្រាកដជាមុនសិន។
២. កុំប្រញាប់ ៖ ជនឆបោកប្រើប្រាស់ ភាពបន្ទាន់ដើម្បីដាក់សម្ពាធអ្នកធ្វើសកម្មភាពលឿន។ ចំណាយពេលរបស់អ្នកហើយគិតឱ្យបានច្បាស់លាស់!
៣. កុំចែករំលែកព័ត៌មានសម្ងាត់ ៖ អង្គការស្របច្បាប់នឹងមិនសួររកពាក្យសម្ងាត់ លេខកូដ OTP ឬព័ត៌មានរបស់គណនីធនាគារ តាមរយៈសារ ឬ ការហៅទូរស័ព្ទឡើយ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ