មហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសស្រីល្បីឈ្មោះលោក ឆន សុវណ្ណារាជ និង អ្នកនាង ទេព បូព្រឹក្ស សុទ្ធសឹងបានដឹងហើយថាអ្នកទាំងពីរជាតារាចម្រៀងធ្លាប់រួមទ្រនំជាច្រើនឆ្នាំ ដែលចាប់ដៃគូបកស្រាយចម្រៀងរួមគ្នាផ្ទុះការគាំទ្រខ្លាំងកាលពីកន្លងទៅ។
លើសពីនេះ ក្រៅពីជាដៃគូក្នុងការងារ តារាចម្រៀងប្រុសស្រីមួយគូនេះ ក៏មានការរាប់អានគ្នាជាមិត្តស្និទ្ធស្នាលគ្នាខ្លាំង ដ្បិតតែមកដល់ពេលនេះមិនសូវបានបង្ហាញវត្តមានជាមួយគ្នាដូចមុនមែន ប៉ុន្តែពេលជួបគ្នាម្ដងៗអ្នកទាំងពីរបង្ហាញក្ដីស្រឡាញ់នឹករឭកគ្នាខ្លាំង ជាពិសេសអនុស្សាវរីយចាស់ៗកាលចេញចម្រៀងរួមគ្នាជាច្រើន។
ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញលោក ឆន សុវណ្ណារាជ និង អ្នកនាង ទេព បូព្រឹក្ស បានប៉ះគ្នាក្នុងកម្មវិធីប្រគំតន្រ្តីតាមបណ្ដាខេត្តមួយ ដោយអ្នកទាំងពីរបានឡើងបកស្រាយចម្រៀងរួមគ្នាប៉ុន្មានបទ។ ក្នុងនោះ អ្វីកាន់តែចាប់អារម្មណ៍ ខណៈបានស្ដាប់តារាចម្រៀងស្រី ទេព បូព្រឹក្ស និយាយប្រកាសលើឆាកចំពោះមុខលោក ឆន សុវណ្ណារាជ ទម្លាយពីចិត្តរបស់នាង ដែលនាងថាគ្រប់ពេលឡើងលើឆាកមិនដែលភ្លេចលោកឡើយ ព្រោះលោកជាដៃគូដំបូងធ្វើឱ្យរូបនាងអាចមានឈ្មោះល្បីល្បាញលើវិស័យនេះតាមរយៈការចាប់ដៃគូច្រៀងជាមួយគ្នា៕