ពិតណាស់ កាលពីមួយរយៈមុនកន្លងទៅ ជុំវិញរឿងរ៉ាវរបស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា និង ជំទាវ ចន ច័ន្ទលក្ខិណា បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បង្ហាញចិត្តរំភើបត្រេកអរជាខ្លាំង ក្រោយបានឃើញអ្នកទាំងពីរបញ្ចប់ជម្លោះ ត្រឡប់ផ្សះផ្សារនឹងគ្នាវិញ។
ក្រោយពីសម្របសម្រួលគ្នាវិញ ឃើញថាសិល្បកររៀមច្បងទាំងពីររូបនេះ កាន់តែធ្វើឱ្យមហាជនរំភើបជំនួស ដែលតែងឃើញសកម្មភាពរបស់ រាជិនីសំឡេង ម៉េង កែវពេជ្ជតា និង ជំទាវ ចន ច័ន្ទលក្ខិណា ថតរូបស្និទ្ធស្នាលជិតគ្នាជាបន្តបន្ទាប់ ខណៈចូលរួមកម្មវិធីជួបជុំសិល្បករផ្សេងៗកន្លងទៅ។ ស្របពេលនោះដែរ ក៏បានឃើញអ្នកទាំងពីរ បង្ហាញសកម្មភាពរួមការងារថតផ្សព្វផ្សាយឱ្យផលិតផលក្នុងស្រុកមួយជាមួយគ្នាពេញដោយស្នាមញញឹមទៀតផង។
ដោយឡែក មកដល់ថ្មីៗនេះ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងទៀតចំពោះសិល្បកររៀមច្បងល្បីឈ្មោះទាំងពីររូបនេះ ខណៈបានឃើញវីដេអូនៃសកម្មភាពមួយរបស់ រាជិនីសំឡេង ម៉េង កែវពេជ្ជតា និង ជំទាវ ចន ច័ន្ទលក្ខិណា ជួបគ្នាក្នុងកម្មវិធីជប់លៀងមួយ ដោយអ្នកទាំងពីរបានបង្ហាញក្ដីគោរពស្រឡាញ់ចំពោះគ្នា ឱបថើបៗយ៉ាងស្និទ្ធស្នាលពេញដោយស្នាមញញឹម ធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបជំនួស៕