ពិតណាស់ មួយរយៈក្រោយនេះ គូស្នេហ៍តារាចម្រៀងប្រុសស្រីដ៏ល្បីលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ខណៈបានឃើញអ្នកនាងបង្ហើបពីចិត្តចង់ក្លាយជាកូនក្រមុំក្នុងរោងជ័យ ដែលកន្លងមកគេបានឃើញខាងស្រីបង្ហោះសារសួរលោក ជី ដេវីត ម្ដងហើយម្ដងទៀត តើពេលណាសុំនាងរៀបការ។
ក្រោយបង្ហើបពីបំណងចង់ចូលរោងការ មកដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រអបអរខ្លាំង ក្រោយពីបានឃើញលោក ជី ដេវីត និង អ្នកនាង ទេព បូព្រឹក្ស រៀបចំកម្មវិធីយ៉ាងរ៉ូមែនទិកមួយនៅឯមាត់សមុទ្រ ដើម្បីធ្វើការប្រកាសថ្ងៃរៀបការតាមប្រពៃណីជាផ្លូវការ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ។ ក្នុងនោះ ក៏ឃើញមានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជិតស្និទ្ធជាច្រើនរូបចូលរួមអបអរកម្មវិធីប្រកាសថ្ងៃពិសេសដ៏រំភើបរបស់គូស្នេហ៍មួយគូនេះផងដែរ។
ក្នុងកម្មវិធីប្រកាសថ្ងៃរៀបការដ៏រ៉ូមែនទិកនេះដែរ ក៏បានឃើញគូស្នេហ៍មួយគូនេះ បានឡើងនិយាយប្រកាសទាក់ទងនឹងកម្មវិធីមង្គលការរបស់អ្នកទាំងពីរ ព្រមទាំងបាននិយាយគោលបំណងដែលសម្រេចចិត្តដឹកដៃគ្នារៀបការតាមប្រពៃណីផងដែរ។ តាមរយៈការរៀបរាប់របស់លោក ជី ដេវីត បានឱ្យដឹងថាតាមពិតលោក និង អ្នកនាង ទេព បូព្រឹក្ស បានរួមរស់មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់យូរមកហើយ ពោលគឺអ្នកទាំងពីរចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយ គ្រាន់តែរូបលោកផ្ទាល់ ចង់សុំ ទេព បូព្រឹក្ស រៀបការ និង ធ្វើកម្មវិធីមង្គលតាមបែបប្រពៃណីខ្មែរ ព្រោះចង់ផ្តល់ក្ដីសុខ និង មុខមាត់ពេញលេញដល់ភរិយាផងដែរ៕