មកដល់ពេលនេះ បវរកញ្ញាដ៏មានប្រជាប្រិយភាព ភឹម ស្រីនោ នៅតែជាបវរកញ្ញាមានសក្កានុពលក្នុងចិត្តមហាជនអ្នកគាំទ្រដដែល ដោយអ្នកគាំទ្រនៅតែចូលចិត្តតាមដានពីសកម្មភាពរបស់នាងមិនថាចូលរួមកម្មវិធីផ្សេងៗ ឬសកម្មភាពលើបណ្ដាញសង្គម។
បើក្រឡេកមើលបណ្ដាញសង្គមរបស់បវរកញ្ញារូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងឆក់បានការចាប់អារម្មណ៍ពីមហាជនអ្នកគាំទ្រជាមួយនឹងសកម្មភាពថ្មីៗ ក៏ដូចជាស្ទីលថតរូបថ្មីប្លែកៗយ៉ាងទាក់ទាញបង្ហោះលើហ្វេសប៊ុក។
លើសពីនេះ ក្រោយស្ងាត់ការងារពាក់ព័ន្ធនឹងវិស័យបវរកញ្ញាមួយរយៈ ពេលនេះ ភឹម ស្រីនោ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងជាមួយនឹងស្នាដៃថ្មីរបស់នាង ដោយកំពុងចាប់ផ្ដើមប្រឡូកចូលវិស័យសម្ដែងភាពយន្ត ខណៈឃើញនាងក្ដោបបានតំណែងជាតួស្រីក្នុងភាពខ្នាតធំមួយរបស់ផលិតកម្ម LD ដែលជាឱកាសនៃការសម្ដែងភាពយន្តលើកដំបូងរបស់នាង។
ដោយឡែក បើចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងវិញ ថ្មីៗនេះ ភឹម ស្រីនោ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញនាងទម្លាយទាក់ទងនឹងរឿងរ៉ាវស្នេហាក្នុងកិច្ចសម្ភាសមួយ ដែលនាងសារភាពត្រង់ៗថា បច្ចុប្បន្នមានម្ចាស់បេះដូងរួចហើយ គ្រាន់តែទាក់ទងគ្នាបែប Private មិនទាន់ចង់បង្ហាញជាសាធារណៈប៉ុណ្ណោះ៕