នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី Bro KH អ្នកផលិតមាតិកាល្បីឈ្មោះមួយរូប បានបង្ហោះសាររៀបរាប់ពីស្ថានភាពសុខភាព កំពុងឈឺជើងខ្លាំង និង ត្រូវការព្យាបាល។ លើសពីនោះ សារនោះដែរ លោក Bro KH ក៏បានផុស QR Code ធនាគារ ដើម្បីសុំជំនួយបន្តការព្យាបាលពីមហាជនអ្នកគាំទ្រផងដែរ។
ដោយឡែក កាលពីប៉ុន្មានថ្ងៃមុនការបង្ហោះសារសុំជំនួយ Bro KH ក៏បានបង្ហោះវីដេអូប្រមាណ ១០ នាទី ទម្លាយពីដំណើរជីវិតរបស់លោកតាំងពីឆ្នាំ ២០២០ រហូតដល់ឆ្នាំ ២០២៥ បានឆ្លងកាត់រឿងរ៉ាវលំបាកៗជាច្រើន។
ក្នុងនោះដែរ Bro KH ក៏បានរំឭកថា កាលពីបាត់មុខពីបណ្តាញសង្គម និង បានត្រឡប់មកវិញមានរូបរាងធាត់ ព្រោះជំងឺគេងមិនលក់ លោកធ្លាប់បានសន្យាលេង Challenge សម្រកគីឡូឱ្យបានរូបរាងដើមមកវិញ ប៉ុន្តែអ្វីៗមិនរលូនដូចការរំពឹងទុកនោះទេ។
លោក Bro KH បានបន្ថែមថា លោកបានស្រកគីឡូហើយ ហើយពេលនោះពិតជាមានអារម្មណ៍ថាស្រួលខ្លួន ប៉ុន្តែដោយសារលោកមានជំងឺមួយទៀត ដែលខ្មែរហៅថា បុសអន្ទង់ និង ត្រូវវះកាត់ទៀតនោះ ទើបលោកមិនអាចបន្តការសម្រកគីឡូបាន។
ងាកទៅកាន់ការវះកាត់ជំងឺបុសអន្ទង់ឯណោះវិញ លោក Bro KH បានឱ្យដឹងថា លោកបានវះកាត់ ដោយខ្វះខាតថវិការហូតដល់ខ្ចីគេមកព្យាបាល ហើយរាល់ថវិកាជាជំនួយកន្លងមកពីសប្បុរសជន គឺលោកមិនបានចាយវាយផ្ដេសផ្ដាសអ្វីទេ គឺយកមកមើលតែជំងឺ។
គួរជម្រាបថា លោក Bro KH មិនត្រឹមតែមានជំងឺខាងលើនោះទេ លោកបានបញ្ជាក់ថា លោកនៅមានជំងឺក្នុងខ្លួនជាច្រើនទៀតរួមមាន លើសឈាម និង ឡើងជាតិស្ករជាដើម៕