កាលពីថ្មីៗកន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកនិយមតាមដានការប្រកួត និង សកម្មភាពនានារបស់សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា មានការជជែកវែកញែកក្រោយមានផេកព័ត៌មានបង្ហោះឡើងពីការកិបកេងលុយក្នុងសហព័ន្ធ។
ក្នុងនោះ សារព័ត៌មាននោះ បានឱ្យដឹងថា មានកីឡាករប៊ីយ៉ាកម្ពុជា ត្រូវបានលុបឈ្មោះ កាត់ប្រាក់ខែ និង កាត់ប្រាក់ឧបត្ថម្ភជាដើម។ លើសពីនោះ អ្វីដែលសង្កត់ធ្ងន់ គឺមានការលើកឡើងឈ្មោះ លោក ម៉ារ៉ា សុជាតិ ដែលមហាជនទូទៅស្គាល់ឈ្មោះថា មូន ម៉ារ៉ា ដែលជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា។
យ៉ាងណាមិញ ជុំវិញដំណឹងខាងលើនោះដែរ ក៏ត្រូវបានបាត់ចេញពីបណ្តាញសង្គមហ្វេសប៊ុកទៅហើយ តែយ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុន ពោលគឺនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ លោក ម៉ារ៉ា សុជាតិ ហៅ មូន ម៉ារ៉ា ជាអគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា ក៏បានចេញមុខបកស្រាយបំភ្លឺ និង ច្រានចោលពាក្យបំភ្លើសនោះទាំងស្រុង។
តាមរយៈវីដេអូបកស្រាយបំភ្លឺនោះដែរ លោក មូន ម៉ារ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានរៀបរាប់ថា៖ «… ឆ្លើយតបទៅកាន់ពាក្យពេចន៍ក្នុងសារព័ត៌មានរបស់កីឡាករ ៣ រូប ជាអតីតកីឡាករក្នុងសហព័ន្ធ ដែលបានលុបឈ្មោះស្របពេលគាត់សុំលាឈប់ និង មានការល្មើសពិន័យក្នុងសហគមន៍ជាច្រើននោះ បាននិយាយពន្លើស ដោយថាលោកកាត់ប្រាក់ខែ កាត់ប្រាក់ឧបត្ថម្ភ ព្រោះមែនទែនទៅ លោកមិនអាចកាត់បានទេ។ ជាទូទៅ ជាការបរិច្ចាគ ជាការស្ម័គ្រចិត្តរបស់គាត់ ក្នុងការជួយដល់សហព័ន្ធ ក្នុងការព្រមព្រៀងរៀងខ្លួនក្នុងការបរិច្ចាគ»។
អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា រូបនេះបានបន្ថែមទៀតថា៖ «រាល់ប្រាក់ឧបត្ថម្ភទាំងអស់ គឺត្រូវបានផ្ទេរទឹកប្រាក់ទៅកាន់គណនីរបស់កីឡាកររៀងៗខ្លួន ដូច្នេះម្តេចលោកនឹងអាចកាត់ប្រាក់ និង កិបកេងប្រាក់បាន?…»។
សូមទស្សនាវីដេអូលម្អិតខាងក្រោម៖