ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានជ្រាបមកហើយនូវការចែករំលែកពីចំណេះដឹងនានាពាក់ព័ន្ធនឹងមេរោគ HPV។
អ្វីដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះការចែករំលែកជាថ្មីនូវរឿងដ៏ក្តៅគគុកមួយ ក្រោយមានអ្នកលក់អនឡាញល្បីមួយរូប បានធ្វើវីដេអូបង្ហាញពីមេរោគ HPV តែត្រូវបានវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគខាងលើកុំឱ្យមានការភាន់ច្រឡំណាមួយ។
ក្នុងនោះដែរ ក្រោយពី វេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតប និង បញ្ជាក់ឱ្យច្បាស់ពីមេរោគ HPV នោះ ស្រាប់តែអ្នកលក់អនឡាញរូបនោះ បានចេញមកបង្ហោះសារ និង សំណេរជាច្រើនដោយពាក្យមួយដែលធ្វើឱ្យគ្រូពេទ្យជាច្រើន និង មហាជនទូទៅប្រតិកម្មខ្លាំងនោះគឺ «ជាគ្រូពេទ្យសម្ភពម្នាក់នឹងគេដែរ តោងខ្ញុំយកល្បី កាត់វីដេអូខ្ញុំបាត់ដើមបាត់ចុង បញ្ចូលចម្លើយខ្លួនឯង ធ្វើចឹងខូចឈ្មោះពេទ្យស្រុកខ្មែរខ្ញុំអស់ហើយ! ខ្ញុំអត់ប្រកាន់ទេ ខ្ញុំមិនឈ្លោះ មិនមេនសិនឈ្មោះឱ្យអ្នកគ្រូល្បីដូចបំណងទេ តែរៀនរកវិធីល្បីផ្សេង ប្រឹងប្រែងរៀនសូត្រឡើងវិញ កុំរវល់តែកែសម្ផស្សពេក» និង សំណេរ ព្រមទាំងខមមិនមួយចំនួនទៀត។
ក្រោយពីឃើញ Status និង ខមមិនមួយចំនួនពីអ្នកលក់អនឡាញរូបនោះហើយ វេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសសម្ភពរោគស្ត្រី បានចេញវីដេអូឆ្លើយតបពីគោលបំណងក្នុងការយកវីដេអូរបស់អ្នកលក់អនឡាញនោះ មកបន្ថែមចម្លើយនោះ ព្រោះវីដេអូនោះល្បីសុសសាយពេញ Tik Tok និង ហ្វេសប៊ុក ហើយស្តាប់មើលអត្ថន័យ និង ការបកស្រាយគឺខុសទាំងស្រុង។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិត ឯក ម៉េងលី បានបញ្ជាក់ថា អ្នកគ្រូមិនស្គាល់ម្ចាស់វីដេអូនោះជាអ្នកណា ហើយគ្មានចេតនាអ្វីទៅតោងល្បីនោះឡើយ។
ក្នុងវីដេអូបញ្ជាក់ពីគោលបំណងនោះដែរ វេជ្ជបណ្ឌិត ឯក ម៉េងលី បានរៀបរាប់ថា៖ «ខ្ញុំមិនស្គាល់ថាម្ចាស់វីដេអូនោះ ជាអ្នកណាទេ តែដោយឃើញវីដេអូនោះ Viral ពេញ Tik Tok និង ហ្វេសប៊ុក បង្ហោះត្រឹម ១ ថ្ងៃ មានអ្នកមើលដល់ ១ លាននាក់ ហើយស្តាប់មើលអត្ថន័យ និង ការបកស្រាយគឺខុសទាំងស្រុង។ ខ្ញុំអត់មានចេតនា ក្នុងការយកវីដេអូរបស់គាត់មកធ្វើ reaction ក្នុងន័យយកមកសើចចំអកគាត់នោះ គឺអត់មានទេ គោលដៅពិតប្រាកដ សម្រាប់ប្រជាជន និង ស្ត្រីកុំមានការយល់ច្រឡំ»។
វេជ្ជបណ្ឌិត ឯក ម៉េងលី បន្ថែមទៀតថា៖ «ហើយខ្ញុំក៏សុំទោសដែរ ដែលយកវីដេអូនោះស្កុបដោយអន្លើរៗ និង ដាក់ចម្លើយ តែវីដេអូនៃការបកស្រាយរបស់អ្នកលក់អនឡាញនោះ គឺខុសទាំងស្រុង អត់មានឯកសារ ចឹងន័យរបស់ខ្ញុំ យកមកសម្រាប់ឆ្លើយតបចម្លើយផ្សេងៗ និង ឱ្យបងប្អូនដឹងសម្រាប់អ្នកបច្ចេកទេសបកស្រាយ គឺតាមជំនាញរៀងៗខ្លួន។ ខ្ញុំមិនលូកដៃទេ បើសិនជាវាអត់ពាក់ព័ន្ធនឹងជំនាញរបស់ខ្ញុំ ដូច្នេះសូមឱ្យយល់អ៊ីចឹង។ ហើយខ្ញុំអត់ដែលស្គាល់ទេ អត់ដឹងគាត់ជាអ្នកណា លក់ផលិតផលអ្វីក៏មិនដឹងដែរ ដោយសារវីដេអូនោះ viral និង ខុសទាំងស្រុង»។
ជាចុងក្រោយ វេជ្ជបណ្ឌិត ឯកទេសសម្ភពរោគស្ត្រីល្បីឈ្មោះរូបនេះបានបញ្ជាក់ថា៖ «គោលដៅខ្ញុំ គឺជួយស្ត្រីឱ្យមានចំណេះដឹងកុំមានការយល់ខុស ហើយគោលដៅខ្ញុំមិនចង់ល្បីទេ ហើយរឿងមួយទៀត ខ្ញុំសុំទោសប្អូនស្រី ដែលបានប្រជ្រៀតចម្លើយ ប៉ុន្តែមិនមានគោលបំណងសើចចំអក និង តោងល្បីនោះទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖