នៅក្នុងទំនាក់ទំនងជាគូសង្សារ មិនថាស្រលាញ់គ្នាខ្លាំងប៉ុនណា ការផ្តល់ភាពផ្ទាល់ខ្លួនឱ្យគ្នាពិតជាសំខាន់។ ជាក់ស្តែង បុរសភាគច្រើនមិនចូលចិត្តឱ្យនារីដៃគូគ្រប់គ្រងលើគេគ្រប់យ៉ាងនោះទេ ហោចណាស់ក៏ផ្តល់ភាពផ្ទាល់ខ្លួន ដូចជាការប្រើទូរស័ព្ទ និង កាបូបលុយជាដើម។ ខាងក្រោមនេះ ជាហេតុផលដែលនារីសង្សារ មិនគួរប៉ះពាល់របស់ជាភាពផ្ទាល់ខ្លួនរបស់បុរស ពុំដូច្នោះទំនាក់ទំនងមិនយូរ គង់នឹងបែកបាក់។
១. បង្ហាញពីការកង្វះទំនុកចិត្ត
ទំនុកចិត្ត និង ភាពជឿជាក់ ជាមូលដ្ឋានចម្បងនៅក្នុងទំនាក់ទំនង។ កាលណាភាគីម្ខាងតែងតែតាមដានភាពផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀត វាបង្ហាញពីការខ្វះជំនឿ។ ទង្វើនេះអាចធ្វើឱ្យបុរសសង្សារមានអារម្មណ៍មិនត្រូវបានឱ្យតម្លៃ និង បង្កើតអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងទំនាក់ទំនង។ ស្នេហាដែលគ្មានភាពជឿជាក់ ជាធម្មតាតែងបង្កជម្លោះញឹកញាប់ និង ធ្វើឱ្យអារម្មណ៍ស្រលាញ់ផ្តាច់ចេញពីគ្នា។
២. បំពានព្រំដែនផ្ទាល់ខ្លួន
ទំនាក់ទំនងរឹងមាំល្អ កើតឡើងនៅពេលដែលភាគីសងខាងគោរពនូវភាពផ្ទាល់ខ្លួន និង សេរីភាពគ្នាទៅវិញទៅមក។ ការឆែកទូរស័ព្ទឬកាបូបដោយគ្មានការអនុញ្ញាត វាអាចធ្វើឱ្យបុរសដៃគូមានអារម្មណ៍មិនគោរព និង បាត់បង់ភាពឯករាជ្យ។
៣. បំផ្លាញសេរីភាពបុគ្គល
ការឆែករបស់ឯកជនជាប្រចាំ អាចធ្វើឱ្យបុរសសង្សារមានអារម្មណ៍ដូចត្រូវជាប់ឃុំឃាំង និង ធុញថប់ ដែលវានឹងកាត់បន្ថយនូវសុភមង្គលផ្ទាល់ខ្លួន ហើយកើតជាការអន់ចិត្ត។
៤. បង្កជាការយល់ច្រឡំ
ពេលខ្លះ អ្វីសេសសល់ពីរបស់ប្រើឯកជន មិនថាសារក្នុងទូរស័ព្ទឬវត្ថុក្នុងកាបូប អាចបង្កើតជាករណីយល់ច្រឡំ ឆ្ពោះទៅរករឿងប្រចណ្ឌ ហើយបង្កជាជម្លោះនាំឱ្យខូចខាតដល់ទំនាក់ទំនង។ ពេលខ្លះជម្លោះប្រើពាក្យសម្តីជ្រុល ក៏ជាដើមហេតុធ្វើឱ្យទំនាក់ទំនងប្រេះស្រាំផងដែរ។
៥. ទម្លាប់អវិជ្ជមាន
នៅពេលការគ្រប់គ្រងក្លាយជាទម្លាប់ វានឹងក្លាយទៅជាអាកប្បកិរិយាបំពុលនៅក្នុងទំនាក់ទំនង។ ភាគីទាំងសងខាងនឹងមានអារម្មណ៍គ្មានទំនុកចិត្តចំពោះគ្នា សង្ស័យគ្នាទៅវិញទៅមក ដែលនេះមិនត្រឹមតែបង្កផលវិបាកដល់ទំនាក់ទំនង តែថែមទាំងបំផ្លាញភាពស្និទ្ធស្នាលគ្រប់ពេល រហូតឈានដល់ផ្លូវបែកបាក់។
ជំនួសឱ្យការឆែកឆេរ និង តាមដានភាពឯកជនរបស់ដៃគូ គូស្នេហ៍គួរតែប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ភាពជឿជាក់ ជាពិសេស បើមានអ្វីសង្ស័យ គួរបើកការនិយាយគ្នាដោយសន្តិវិធី៕