ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតមានឡើងក្នុងស្រុក Bona Zuria រដ្ឋ Sidama ប្រមាណជា ៣០០ គីឡូម៉ែត្រភាគខាងត្បូងក្រុង Addis Ababa ប្រទេសអេត្យូពី កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ដោយឡានអាត្រាក់មួយគ្រឿងដឹកអ្នកដំណើរយ៉ាងច្រើនលើសលប់បានបើកធ្លាក់ស្ពានចូលក្នុងទន្លេបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧១ នាក់បានស្លាប់។
តាមអាជ្ញាធរក្នុងតំបន់បានទម្លាយឱ្យដឹងថា ឡានមួយគ្រឿងនោះទំនងដោយសារផ្ទុកមនុស្សលើសចំនួនពេកទើបគ្រប់គ្រងលែងបានខណៈពេលកំពុងឆ្លងស្ពាន ហើយក៏បានធ្លាក់ចូលទន្លេតែម្ដង។ តាមឱ្យដឹង ជនរងគ្រោះដែលបានស្លាប់មានមនុស្សប្រុស ៦៨ នាក់ និង មនុស្សស្រី ៣ នាក់។ ដោយឡែក ជនរងគ្រោះ ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរកំពុងតែទទួលការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យក្នុងតំបន់។
អាជ្ញាធរបានបញ្ជាក់ទៀតថា អ្នកដំណើរមួយចំនួននៅលើឡាននោះគឺទើបតែត្រឡប់មកពីមង្គលការគេ ដោយគ្រួសារខ្លះបាត់បង់សមាជិកជាច្រើនក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ។
គួរបញ្ជាក់ផងដែរថា ខាងអាជ្ញាធរបានត្រឹមបញ្ជាក់បឋមថាមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់នេះគឺអាចមកពីការដាក់មនុស្សលើសចំនួន ប៉ុន្តែចំនួនជាក់លាក់នៃអ្នកដំណើរលើឡានពេលនោះខាងប៉ូលិសមិនបានទម្លាយនោះឡើយ៕
ប្រភព៖ VN Express