នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៤ ក្រសួងធម្មការ និង សាសនា បានជូនដំណឹងអំពីព្រះរាជក្រឹត្យ ចំនូន ៥ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ ថ្វាយព្រះឋានៈថ្វាយសម្ដេចព្រះសង្ឃចំនួន ៥ អង្គ ដែលក្នុងនោះ ទ្រង់ថ្វាយព្រះឋានៈថ្វាយ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជា «សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា»។
ចំពោះ សម្ដេចសង្ឃចំនួន ៤ ព្រះអង្គទៀត ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ថ្វាយព្រះឋានៈ ដូចតទៅ ៖
– ត្រាស់បង្គាប់ដំឡើង និង តែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»
– ត្រាស់បង្គាប់ដំឡើង និង តែងតាំងព្រះឋានៈប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក ឡើងជា «សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី ១ គណៈមហានិកាយ»
– ត្រាស់បង្គាប់ដំឡើង និង តែងតាំងព្រះឋានៈប្រគេន សម្តេចព្រះឧត្តមវង្សា មួង រ៉ា ជា «សម្តេចព្រះវ័នរ័ត ព្រះរាជាគណៈថ្នាក់ឯក សម្តេចព្រះសង្ឃនាយករងទី ២ គណៈមហានិកាយកម្ពុជា»
– ត្រាស់បង្គាប់ដំឡើង និង តែងតាំងព្រះឋានៈប្រគេន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជា «សម្តេចព្រះសង្ឃ នាយករងទី ៣ គណៈមហានិកាយ»៕