ផ្អែកទៅលើករណីសម្រាលជាច្រើន ការកើតមិនគ្រប់ខែ អាចជាហានិភ័យមួយសម្រាប់ស្ត្រីពពោះ។ ប្រសិនបើស្ត្រីធ្លាប់សម្រាលកូនមិនគ្រប់ខែ នៅពេលពពោះកូនបន្ទាប់ ឱកាសសម្រាលមុនខែនឹងមានដល់ទៅពីរដង។ អត្រាប្រឈម វានឹងកើន ១០ ដងទៀត បើសិនស្ត្រីធ្លាប់សម្រាលនៅមុនសប្តាហ៍ទី ២៨។ នេះជាហេតុដែលតម្រូវឱ្យអ្នកម្តាយតាំងគភ៌ទាំងឡាយ គប្បីតាមដានខុសភាពឱ្យបានជាប់លាប់ និង អនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ។
តាមការសិក្សាស្រាវជ្រាវ ការប្រើថ្នាំជំរុញឱ្យមានកូន ឬការបង្កកំណើតបែបវេជ្ជសាស្ត្រ វាជាលទ្ធផលនៃការមានកូនភ្លោះពីរឬភ្លោះបី ប៉ុន្តែការមានកូនភ្លោះនេះ វាជាដើមចមនៃការសម្រាលកូនមុខខែផងដែរ។ គេរកឃើញថា ការពពោះកូនភ្លោះ ច្រើនសម្រាលនៅសប្តាហ៍ទី ៣៦ ឬ សប្តាហ៍ទី ៣២ ឬតិចជាងនេះ។ ឯស្ត្រីខ្លះទៀត សម្រាលមុនខែលឿន ដោយសារសុខភាពជួបផលលំបាកច្រើននៅអំឡុងពពោះ។
កត្តាប្រឈមសំខាន់មួយទៀតគឺការឆ្លងមេរោគ។ ការឆ្លងមេរោគតាមផ្លូវទឹកនោមដែលមិនបានព្យាបាល ជាករណីប្រឈមគុណនឹងពីរ។ វាអាចព្យាបាលបាលតាមរយៈការប្រើថ្នាំផ្សះឬអង់ទីប៊ីយ្យូទិច ដែលតម្រូវផ្តល់ដោយអ្នកជំនាញ ។ មួយវិញទៀត ការឆ្លងបាក់តេរីក្នុងទ្វារមាស ក៏ជាករណីប្រឈមគុណនឹងពីរ ដែលជាទូទៅរោគសញ្ញារបស់វា មានហូរទឹករំអិលពណ៌ថ្លាឬល្អក់ចេញពីទ្វារមាស និង មានក្លិនឆ្អាបបែបឆ្អាបត្រី។ ការឆ្លងបាក់តេរីទ្វារមាស ក៏អាចព្យាបាលបានតាមរយៈការប្រើថ្នាំផ្សះឬអង់ទីប៊ីយ្យូទិចផងដែរ។
ក្រៅពីកត្តាប្រឈមខាងលើ មានកត្តាមួយចំនួនទៀតដូចជា៖ ទម្លាប់ស្ត្រេសពីកន្លែងធ្វើការ, ជក់បារី, ផឹកស្រា, ស្ទើរទម្ងន់អំឡុងពពោះ និង មានជំងឺស្លេកស្លាំង…ជាដើម។ ទន្ទឹមគ្នានេះ ការធ្លាប់រលូតកូន និង ការមានគភ៌នៅអាយុក្រោម ១៧ ឆ្នាំ និង លើ ៤០ ឆ្នាំ ក៏ត្រូវបានរាប់បញ្ចូលផងដែរ។
ការយល់ដឹងអំពីការប្រឈម អាចជួយឱ្យអ្នកបានត្រៀមខ្លួនរួចរាល់ ក៏ដូចជាកាត់បន្ថយហានិភ័យប្រឈមផងដែរ។ ហេតុដូច្នេះ មុនពេលមានគភ៌ អ្នកគប្បីពិគ្រោះជាមួយគ្រូពេទ្យ និង ឆែកសុខភាពឱ្យបានទៀងទាត់ ដើម្បីឱ្យការពពោះប្រកបទៅដោយរលូន៕
ប្រភព៖ pretermalliance