ថ្មីៗនេះ តារាសម្ដែងស្រី Zhao Lusi បានបង្ហាញខ្លួនប្រកាសប្រាប់អ្នកគាំទ្រថារូបនាងនឹងវិលត្រឡប់មកបម្រើអារម្មណ៍អ្នកគាំទ្រវិញនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ ក្រោយចំណាយពេលអស់មួយរយៈសម្រាកព្យាបាលសុខភាព។ នាងនឹងធ្វើការជួបជាមួយអ្នកគាំទ្រ ១០០ នាក់នៅក្រុង Chengdu ប្រទេសចិន ក្នុងកម្មវិធីផ្សព្វផ្សាយរបស់ប្រេនល្បីមួយ។
ក្នុងវីដេអូប្រកាសនោះដែរ បានបង្ហាញឱ្យឃើញ Zhao Lusi មានរូបរាងស្គមស្គាំង ទឹកមុខនៅស្លេកស្លាំងមិនទាន់ស្រស់បស់ ដែលនេះហាក់បង្ហាញថារូបនាងនៅមិនទាន់មានសុខភាពប្រសើរ ១០០% នៅឡើយទេ។ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើននៅតែបង្ហាញក្ដីបារម្ភ និង នាំគ្នាគិតថារូបនាងមិនគួរត្រឡប់មកធ្វើការវិញក្នុងពេលនេះទេ។
កាសែតចិន Sohu បានធ្វើការប្រឹក្សាជាមួយអ្នកជំនាញផ្នែកចិត្តវិទ្យាជុំវិញហានិភ័យដែលអាចកើតមានឡើងចំពោះ Zhao Lusi នៅពេលដែលនាងវិលត្រឡប់ចូលសិល្បៈវិញក្រោយសម្រាកព្យាបាលខ្លួនបានត្រឹម ១ខែបែបនេះ។ អ្នកជំនាញបាននិយាយថា ជាធម្មតាអ្នកដែលរងការប៉ះពាល់រាងកាយដោយសារបញ្ហាជំងឺផ្លូវចិត្តដូចតារាស្រី Zhao Lusi នេះ គឺទាមទារឱ្យព្យាបាលខ្លួនពី ២-៣ ខែ។ ក្នុងករណីរបស់ Lusi នេះ បច្ចុប្បន្ននាងបានវិលត្រឡប់មកសភាពដើមវិញហើយ ទាំងរាងកាយ និង ការនិយាយស្ដី ប៉ុន្តែទាំងរាងកាយ និង ផ្លូវចិត្តនាងនៅមិនទាន់នឹងនល្អនៅឡើយទេ ដូច្នេះនាងនៅត្រូវការពេលវេលាសម្រាកតាមដានសុខភាពបន្តទៀត។
អ្នកជំនាញបានព្រមានទៀតថា ជីវិតរបស់នាងគឺអាចនឹងមានហានិភ័យខ្លាំង ប្រសិនបើនាងធ្វើឱ្យខ្លួនឯងធ្លាក់ចូលស្ថានភាពហត់នឿយ និង ប៉ះពាល់ប្រព័ន្ធប្រសាទជាលើកទី ២ នោះ។ បន្ថែមពីនេះ អ្នកជំនាញក៏បានណែនាំឱ្យ Zhao Lusi រៀបចំបែងចែកពេលវេលាឱ្យបានត្រឹមត្រូវសមស្របនឹងសុខភាពខ្លួនក្នុងថ្ងៃវិលត្រឡប់មកវិញនោះ ចៀសវាងជំងឺរបស់នាងប្រែទៅសភាពដើមវិញ៕
ប្រភព៖ Kenh14