ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ នាទីក្រុង Novi Sad ប្រទេសស៊ែប៊ី ដោយសុខៗដំបូលស្ថានីយរថភ្លើងបានបាក់រលំមកភ្លាមៗសង្កត់លើអ្នកដំណើរស្លាប់របួសអស់ជាច្រើននាក់។
តាមវីដេអូស្ដែងៗពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញនូវដំបូលធ្វើពីស៊ីម៉ងត៍ប្រវែងជាង ៣៥ន ម៉ែត្រដែលសាងសង់ឡើងតាំងពី ៦០ ឆ្នាំមុន ស្រាប់តែបាក់រលំចុះមកភ្លាមៗគ្របសង្កត់លើអ្នកដំណើរជាច្រើន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់បានស្លាប់ និង មួយចំនួនទៀតបានរងរបួស។
គួរឱ្យដឹងថា ស្ថានីយរថភ្លើងខាងលើទើបតែដំណើរការឡើងវិញកាលពីខែកក្កដាកន្លងទៅនោះទេ ក្រោយចំណាយពេលជួសជុលរយៈពេល ៣ ឆ្នាំ។ យ៉ាងណាមិញ ទីតាំងមួយចំនួននៅស្ថានីយរថភ្លើងនេះកំពុងស្ថិតក្រោមការជួសជុលនៅឡើយ។
លោក Milos Vucevic នាយករដ្ឋមន្ត្រីប្រទេសស៊ែប៊ី បានលើកឡើងដែរថា ដំបូលដែលបានបាក់រលំនោះគឺសាងសង់ឡើងតាំងពីឆ្នាំ ១៩៦៤ មកម៉្លេះ ហើយចំពោះហេតុការណ៍រលំដំបូលស្ថានីយនេះដែរ លោកសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់ និង សន្យានឹងស៊ើបអង្កេតរកមូលហេតុ៕