កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ពិធីបុណ្យសព ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo បានរៀបចំទៅតាមប្រពៃណីរួចរាល់ហើយ ក្រោយលោកបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។
ក្នុងនោះដែរ មុនពិធីបុណ្យ ៧ ថ្ងៃ មួយថ្ងៃ ក្រុមគ្រួសារ និង មិត្តភក្តិរបស់លោក RuthKo បានទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីរៀបចំពិធីតាមព្រះពុទ្ធសាសនាបង្សុកូលជូនលោក និង អញ្ជើញព្រលឹងលោកទៅផ្ទះធ្វើបុណ្យ ៧ ថ្ងៃ តាមប្រពៃណីដែរ។
ដោយឡែក ក្រោយប្អូនប្រុសចាកចេញទៅឆ្ងាយគ្មានថ្ងៃត្រឡប់បានប្រមាណ ៧ ថ្ងៃ ហើយនោះ បងស្រីបង្កើតលោក RuthKo បានបង្ហោះសារនៅលើ Story fb របស់ខ្លួន បង្ហាញពីការបំពេញក្តីបំណងរបស់ប្អូនប្រុស ដោយកាលនៅមានជីវិតធ្លាប់ប្រាប់គ្រប់គ្នាថា បើលោកស្លាប់ទៅកុំឱ្យមានអ្នកសោកសៅអី។
សារនោះដែរ បងស្រីលោក RuthKo បានសរសេរថា ៖ «អូនមានបានឃើញបងសើចអត់? បងសើចឮៗណាស់ ព្រោះចង់ឱ្យអូនឮ។ បង និង មិត្តអូននាំគេសើចលេងពេញផ្ទះ។ បណ្តាំអូនចុងក្រោយ ដែលសុំមិនឱ្យយំ បងបានធ្វើតាមបណ្ដាំអូនរួចហើយ។ បងមិនយំស្រែកទេ។ បងស្រីអូនរឹងមាំណាស់។ បងសង្ឃឹមថាអូនស្ងប់ចិត្តណាកែវភ្នែកបង»៕