បើទោះជាពិធីបុណ្យ ៧ ថ្ងៃ របស់តារាចម្រៀងរ៉េបល្បីឈ្មោះលោក RuthKo បានរៀបចំសព្វគ្រប់ទៅតាមប្រពៃណីហើយក្តី តែការអាឡោះអាល័យ សេចក្តីនឹករឭកដល់លោកនៅតែដក់ជាប់ក្នុងបេះដូងក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រជានិច្ច។
បើទោះជារូបរាងកាយរបស់ RuthKo បានរសាត់បាត់ពីពិភពលោកនេះក្តី តែសំឡេង ស្នាមញញឹម និង កេរ្តិ៍ឈ្មោះរបស់លោកនៅតែមានតាមរយៈបទចម្រៀង រូបភាព និង វីដេអូជាច្រើន ដែលលោកបន្សល់ទុក ដោយម្នាក់ៗតែងតែបង្ហោះពីលោក RuthKo នៅលើបណ្តាញសង្គមនានាជានិច្ច។
ជាក់ស្តែង កាលពីយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ពោលគឺក្រោយការរៀបចំពិធីបុណ្យ ៧ ថ្ងៃរបស់លោក RuthKo បានមួយថ្ងៃ តារាចម្រៀងរ៉េប វណ្ណដា ក៏បានបង្ហោះរូបភាពថតជុំគ្នានឹង RuthKo នៅទីក្រុងបាលី ឯប្រទេសឥណ្ឌូនេស៊ី ខណៈទៅសម្តែងនៅទីនោះ។ ក្នុងនោះ ឆាកសម្តែងនៅទីនោះ គឺជាឆាកសម្តែងរួមគ្នាលើកចុងក្រោយរវាងលោក វណ្ណដា និង លោក RuthKo ផងដែរ។
រូបភាពជុំគ្នា បន្សល់ទុកត្រឹមស្នាមញញឹម RuthKo នោះដែរ លោក វណ្ណដា បានសរសេរភ្ជាប់ថា៖ «ការសម្តែងចុងក្រោយនៅបាលី ប្រទេសឥណ្ឌូនេស៊ី! ពួកយើងនៅទីនេះ ដើម្បីគាំទ្រអ្នក និង ជារៀងរហូត។ Fly high my lovely brother»៕